ប្រមុខការពារជាតិរុស្ស៊ី៖ សហរដ្ឋអាមេរិកបានហាត់សមឡើងវិញនូវការវាយប្រហារនុយក្លេអ៊ែរលើរុស្សីនៅក្នុងខែនេះ
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ បានចោទប្រកាន់យន្តហោះទម្លាក់គ្រាប់បែកអាមេរិកថា បានហាត់សមឡើងវិញនូវការវាយប្រហារនុយក្លេអ៊ែរលើប្រទេសរុស្ស៊ី ពីទិសដៅពីរផ្សេងគ្នាកាលពីដើមខែនេះ និងបានបញ្ជាក់ថា យន្តហោះទាំងនោះបានចូលមកក្នុងរង្វង់ចម្ងាយ ២០គីឡូម៉ែត្រនៃព្រំដែនរុស្ស៊ី។
លោក សឺហ្គេ ស៊យហ្គូ បញ្ជាក់ថា ទីក្រុងម៉ូស្គូបានមើលឃើញពីការកើនឡើងគួរអោយកត់សម្គាល់ នៃសកម្មភាពរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក ដែលលោកនិយាយថា បានធ្វើការហោះហើរចំនួន ៣០លើកនៅជិតប្រទេសរុស្ស៊ីក្នុងខែនេះ។ ចំនួននោះ គឺច្រើនជាង ២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការចោទប្រកាន់របស់រុស្ស៊ីធ្វើឡើងចំពេលមានភាពតាន តឹងខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ដោយមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី លើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។
បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្នុងអំឡុងពេលសមយុទ្ធយោធា ក្លូប៊ល ថាន់ឌើ “Global Thunder” យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ១០គ្រឿងបានហាត់សមបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី ពីទិសខាងលិច និងខាងកើត។ ជុំវិញការចោទប្រកាន់នេះដែរ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា សមយុទ្ធរបស់ខ្លួនត្រូវបានប្រកាសជាសាធារណៈនៅពេលនោះ ហើយបានប្រកាន់ខ្ជាប់នូវពិធីសារអន្តរជាតិ៕ ប្រភព៖ CGTN