ក្រុងមូស្គូនិយាយថា អាមេរិកបានហាត់សមការវាយប្រហារនុយក្លេអ៊ែរលើរុស្សីក្នុងខែនេះ

កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៣ វិច្ឆិកា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្សី​លោក​សឺហ្គេ សូហ្គូ​បាន​ចោទ​ប្រកាន់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋអាមេរិក​ថា​បាន​ហាត់​សម​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ទៅ​លើ​រុស្សី​ពី​ទិស​ដៅ​ពីរ​ផ្សេង​គ្នា​កាល​ពី​ដើម​ខែ​នេះ ហើយ​បាន​និយាយ​ថា​យន្តហោះ​ទាំង​នោះ​បាន​ខិត​មក​ជិត​ចម្ងាយ​ ២០ គីឡូម៉ែត្រ​ពី​ព្រំដែន​របស់​រុស្សី​។

លោក​ស៊ូហ្គូ​បាន​និយាយ​ថា​រុស្សី​បាន​កត់​សម្គាល់​ការ​កើន​ឡើង​យ៉ាង​ធំ​នៃ​សកម្មភាព​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ចម្ងាយ​ឆ្ងាយ​របស់​អាមេរិក​ ដោយ​លោក​និយាយ​ថា​នៅ​ក្នុង​ខែ​នេះ​មាន​ជើង​ហោះហើរ​ជិត​ដែន​ដី​រហូត​ទៅ​ដល់​ ៣០​ ដែល​ច្រើន​ជាង​ ២,៥ ដង​បើ​ធៀប​ទៅ​ពេល​វេលា​ដដែល​កាល​ពី​ឆ្នាំ​មុន​។ លោក​និយាយ​ថា​នៅ​ដើម​ខែ​នេះ​យន្តហោះ​អាមេរិក​ចំនួន​ ១០ គ្រឿង​បាន​ហាត់​សម​វាយ​ប្រហារ​រុស្សី​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច​។

ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ថា​កាល​នោះ​ការ​សមយុទ្ធ​របស់​ពួកគេ​គឺ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​អនុលោម​តាម​ពិធីសារ​អន្តរជាតិ​។ សមយុទ្ធ​ប្រចាំ​ឆ្នាំ «Global Thunder» គឺ​រៀប​ចំ​ឡើង​ដើម្បី​សាកល្បង​ និង​បង្ហាញ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អាមេរិក​ ដោយ​ឆ្នាំ​នេះ​មាន​ការ​ផ្ដោត​លើ​ការ​សាកល្បង​សមត្ថភាព​របស់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52​។

ការ​ចោទប្រកាន់​របស់​ក្រុង​មូស្គូ​កើត​ឡើង​ចំ​ពេល​ដែល​ភាព​តានតឹង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​បញ្ហា​នៅ​ប្រទេស​អ៊ុយក្រែន ដោយ​មន្ត្រី​អាមេរិក​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​រុស្សី​គឺ​កំពុង​ត្រៀម​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​។ រុស្សី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

ជា​ការ​ឆ្លើយ​តប​រុស្សី​បាន​រិះគន់​សហរដ្ឋអាមេរិក អង្គការ​ណាតូ និង​អ៊ុយក្រែន​ចំពោះ​អាកប្បកិរិយា​អុចអាល និង​មិន​ទទួល​ខុស​ត្រូវ​ ដោយ​ចង្អុល​ទៅ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ការ​ផ្គត់ផ្គង់​សព្វាវុធ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន​ ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ផលិត​ដោយ​តួកគី​ទៅ​លើ​ក្រុម​ផ្ដាច់​ខ្លួន​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ និង​ការ​សមយុទ្ធ​របស់​អង្គការ​ណាតូ​នៅ​តំបន់​ជិត​ព្រំដែន​របស់​រុស្សី​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner