ក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ាប្ដឹងតុលាការ ដើម្បីផ្ដាច់ទំនាក់ទំនងជំនួញជាមួយក្រុមហ៊ុនស្រាបៀជប៉ុន

ក្រុមហ៊ុន​សេដ្ឋកិច្ច​សាធារណៈ​មីយ៉ាន់ម៉ា (Myanma Economic Holding Limited – MEHL) បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​​តុលាការ​ទីក្រុង​យ៉ាំងហ្គន ក្នុង​ន័យ​​​​​ផ្ដាច់​ទំនាក់ទំនង​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ជប៉ុន​គីរីន (Kirin)។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ជា​ភាសា​មីយ៉ាន់ម៉ា​របស់​តំណាង​របស់​ក្រុមហ៊ុន MEHL នៅ​កាសែត​ក្នុង​ស្រុក​មួយ​នៅ​មីយ៉ាន់ម៉ា។

MEHL ជា​ក្រុមហ៊ុន​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​​ចំនួន២ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​មីយ៉ាន់ម៉ា​។ ក្រុមហ៊ុន​មួយ​ទៀត​នោះ​គឺ ក្រុមហ៊ុន​សាជីវកម្ម​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា (Myanma Economic Corporation – MEC)។

ក្រុមហ៊ុន​សេដ្ឋកិច្ច​សាធារណៈ ច្រើន​តែ​ផ្ដោត​លើ​ឧស្សាហកម្ម​អាហារ​ដូច​ជា ស្រាបៀ និង​ថ្នាំជក់ ក៏​ដូច​ជា​​វិនិយោគ​​ផ្នែក​ធនាគារ ចំណែក​ឯ​ក្រុមហ៊ុន​សាជីវកម្ម​សេដ្ឋកិច្ច​វិញ ច្រើន​តែ​ផ្ដោត​លើ​ឧស្សាហកម្ម​ផលិត​ធំៗ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ទៀត​។

ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ផលិត​ស្រាបៀ​ ក្រុមហ៊ុន MEHL មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​ផលិត​ស្រាបៀ​មីយ៉ាន់ម៉ា​ ដែល​ផលិត​ភេសជ្ជៈ​ស្រាបៀ​មីយ៉ាន់ម៉ា។ ក្រុមហ៊ុន​នេះ​ហើយ​បាន​ធ្វើ​ការ​បណ្ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន​ស្រាបៀ​ជប៉ុន​គីរីន ចាប់​តាំង​ពី​ឆ្នាំ២០១៥ មក ដោយ​ខាង​ជប៉ុន​កាន់​កាប់​ ៥១% ហើយ​ ៤៩% ជា​របស់​មីយ៉ាន់ម៉ា។

តាម​ពិត​ទៅ​ ខាង​គីរីន​បាន​ប្រកាស​ថា​ខ្លួន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ MEHL ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាល​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។ យ៉ាងណាមិញ ជាង ១០ខែ​មក​នេះ ដំណើរ​ការ​ក្នុង​ការ​កាត់​ផ្ដាច់​ភាព​ជា​ដៃ​គូ​ក្នុង​ការ​រកស៊ី​នេះ នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ។

ខាង​ក្រុមហ៊ុន​គីរីន សន្យា​ថា ខ្លួន​នឹង​ដក​ទុន​ចេញ​ពី​ក្រុមហ៊ុន​ស្រាបៀ​មីយ៉ាន់ម៉ា​នៅ​ខែ​ធ្នូ​នេះ ហើយ​នៅ​ពេល​ថ្មីៗ​នេះ ស្រាប់​តែ​មាន​ដំណឹង​ថា ក្រុមហ៊ុន​មីយ៉ាន់ម៉ា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​កាត់​ផ្ដាច់​ទំនាក់ទំនង​ជំនួញ​ជាមួយ​ក្រុមហ៊ុន​គីរីន​តែ​ម្ដង។ តុលាការ​យ៉ាំងហ្គន​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ខាង​មុខ​នេះ។

សារព័ត៌មាន​ជប៉ុន​ NHK បាន​ចុះ​ផ្សាយ​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​គីរីន​នៅ​តែ​បន្ត​ចរចា​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​យោធា​មីយ៉ាន់ម៉ា​អស់​ជាង ១០ខែ​នេះ ក៏​ព្រោះ​តែ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ នៅ​តែ​ចង់​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​មីយ៉ាន់ម៉ា ដោយ​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ ក្រៅ​ពី​ក្រុមហ៊ុន​យោធា។

ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​របស់​ក្រុមហ៊ុន​ស្រាបៀ​មីយ៉ាន់ម៉ា អាច​ជា​ការ​បញ្ចប់​វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​គីរីន នៅ​ក្នុង​ទឹក​ដី​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នីកេ។

បើ​តាម​ច្បាប់​ក្រុមហ៊ុន​របស់​មីយ៉ាន់ម៉ា តុលាការ​អាច​បញ្ឈប់​ដំណើរ​របស់​ក្រុមហ៊ុន​ណា​មួយ ប្រសិន​បើ​តុលាការ​គិត​ឃើញ​ថា ការ​រកស៊ី​របស់​ក្រុមហ៊ុន​នោះ​មិន​ផ្ដល់​ភាព​យុត្តិធម៌ និង​សមធម៌។

អ្នកនាំ​ពាក្យ​របស់​ក្រុមហ៊ុន​គីរីន បាន​ប្រាប់​សារព័ត៌មាន​នីកេ​ថា ខាង​ក្រុមហ៊ុន​បាន​ជ្រាប​ច្បាស់​ពី​ដំណឹង​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ពី​សំណាក់​ក្រុមហ៊ុន​មីយ៉ាន់ម៉ា​ហើយ តែ​ខ្លួន​មិន​ទាន់​ទទួល​បាន​ឯកសារ​ផ្លូវ​ច្បាប់​លម្អិត​ណា​មួយ​នោះ​ទេ។

ក្នុង​ប្រជុំ​ផ្ទៃ​ក្នុង​មួយ​របស់​ក្រុមហ៊ុន​គីរីន កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​កន្លង​ទៅ លោក Toru Yoshimura អ្នក​ចាត់​ការ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​គីរីន បាន​លើកឡើង​ថា ខាង​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ មាន​បំណង​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ស្រាបៀ​មីយ៉ាន់ម៉ា​ឱ្យ​បាន​ឆាប់ៗ ហើយ​ក៏​ត្រៀម​ខ្លួន​តាម​ផ្លូវ​ច្បាប់​នានា​ផង​ដែរ។

កាល​ពី​ឆ្នាំ២០១៩កន្លង​ទៅ ក្រុមហ៊ុន​គីរីន​អាច​រក​ប្រាក់ចំណូល​​ពី​ការ​លក់​ស្រាបៀ​មីយ៉ាន់ម៉ា​បានប្រមាណ​ចំនួន​ ១១៥លាន​ដុល្លារ​អាមេរិក​។ យ៉ាងណាមិញ នៅ​ក្នុង​ឆ្នាំ២០២១​នេះ ជាពិសេសចាប់តាំង​​ពី​ខែ​មករា ដល់​ខែ​កញ្ញា ក្រុមហ៊ុន​នេះ​បាន​បាត់បង់​​ប្រាក់​ចំណូល​ប្រមាណ ៤១% ឬ ប្រហាក់ប្រហែល​នឹង​ ១២៤លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ហើយ​អ្នកអង្កេត​យល់ឃើញ​ថា​ ​នេះ​គឺ​ដោយសារ​តែ​នៅ​មីយ៉ាន់ម៉ា មាន​ចលនា​មួយ​ធ្វើ​ពហិការ​ការ​ប្រើប្រាស់​ផលិតផល​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​យោធា​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner