ចិនគាំទ្រតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានកិច្ចព្រមព្រៀង AUKUS

ប្រទេស​ចិន​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែល​ខ្លួន​ស្វែង​រក​ការ​ពង្រឹង​សម្ព័ន្ធ​ភាព​ក្នុង​តំបន់​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិសុខ​ AUKUS រវាង​អូស្ត្រាលី ចក្រភព​អង់គ្លេស​ និង​សហរដ្ឋអាមេរិក​។

​ខណៈ​ពេល​ដែល​ទីក្រុង​ប៉េកាំង​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បី​ទប់ស្កាត់​​វត្តមាន​អាវុធ​នុយក្លេអ៊ែរ​នេះ​តំបន់ បើ​ទោះ​បី​ជា​មាន​ការ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ក៏​ដោយ អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​សម្ពាធ​ពីសម្ព័ន្ធ​ AUKUS អាច​ជួយ​ជំរុញ​ឱ្យ​ដំណើរ​ការ​នេះ​ទៅ​មុខ​។

ចុះ​ហត្ថលេខា​ដោយ​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​ ១៩៩៥ សន្ធិសញ្ញា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​អាគ្នេយ៍ (SEANWFZ) គឺ​ជា​ការ​ប្ដេជ្ញា​ហាម​ឃាត់​វត្តមាន​អាវុធ​នុយក្លេអ៊ែរ និង​អាវុធ​ប្រល័យ​លោក​ដទៃ​ទៀត​មិន​ឱ្យ​ចូល​តំបន់​នេះ​។ ក្រោម​សន្ធិសញ្ញា​នេះ​សមាជិក​អាស៊ាន​បាន​ប្ដេជ្ញា​មិន​ធ្វើ​ការ​អភិវឌ្ឍ ផលិត​ ឬ​ស្តុក​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ក៏​បាន​ប្ដេជ្ញា​មិន​ទទួល​ជំនួយ​ពី​ខាង​ក្រៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នេះ​។ មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ប្រាំ ​រួមមាន​ចិន​ សហរដ្ឋអាមេរិក រុស្សី ចក្រភព​អង់គ្លេស​ និង​បារាំង​ ​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​នៅ​ឡើយ​នោះទេ។

ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន-ចិន​កាល​ពី​ថ្ងៃ​ចន្ទ​ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​​ពោល​ថា​ប្រទេស​ចិន​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​មាន​ឆន្ទៈ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា «ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»​។ លោក​ក៏​បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​អាស៊ាន​ ដោយ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​សន្តិសុខ និង​ការ​ផ្គត់ផ្គង់​ថវិកា​អភិវឌ្ឍ​។

អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​​ភាព​តានតឹង​កាន់​តែ​កើន​ឡើង​ក្នុង​តំបន់​កំពុង​កើន​ឡើង​ ជា​ពិសេស​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោនលើ​កិច្ចការ​​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ច្រក​សមុទ្រ​តៃវ៉ាន់​ សមាជិក​អាស៊ាន​កាន់​តែ​ចង់​ឱ្យ​មហា​អំណាច​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​។

AUKUS បាន​អនុញ្ញាត​ឱ្យ​ប្រទេស​អូស្ត្រាលី​សាងសង់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​សម្ងាត់​ចែក​រំលែក​ដោយ​អាមេរិក​ និង​អង់គ្លេស​។ ខណៈ​ពេល​ដែល​អូស្ត្រាលី​បាន​​ថា​ខ្លួន​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ​ អ្នក​ជំនាញ​មួយ​ចំនួន​ក៏លើក​ឡើង​​ថា​បច្ចេកវិទ្យា​ទាំង​នេះ​អាច​វិវឌ្ឍ​យ៉ាង​លឿន​ទៅ​ជា​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ​។

សមាជិក​អាស៊ាន​ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ បាន​បង្ហាញ​ការ​ប្រឆាំង​ចំពោះ​ការ​បង្កើត​ AUKUS ដោយ​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រណាំង​សព្វាវុធ​។

កាល​ពី​ខែ​កញ្ញា​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង​ យី​ បាន​និយាយ​ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ថា​ AUKUS និង​ផែនការ​នាវា​មុជ​ទឹក​ អាច​បំផ្លាញ​ផែន​ការ​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។

លោក​និយាយ​ថា​៖ «សហរដ្ឋអាមេរិក និង​អង់គ្លេស​បាន​ជ្រើស​រើស​មិន​ចូល​រួម​ក្នុង​សន្ធិសញ្ញា SEANWFZ ​។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ផ្ទេរ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​យោធា​ទៅ​​តំបន់ដោយ​​ក្រោម​លេស​ផ្សេង​ៗ ហើយ​ថែមទាំង​ផ្គត់ផ្គង់​សារធាតុ​អ៊ុយរ៉ាន្យោម​កម្រិត​សុទ្ធ​ខ្ពស់​ទៅ​កាន់​តំបន់​នេះ​ទៀត ដែល​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​អាស៊ាន​ក្នុង​ការ​កសាង​តំបន់​គ្មាន​នុយក្លេអ៊ែរ​»​។

យ៉ាង​ណា​មិញ បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស កាល​ពី​ខែ​សីហា​សមាជិក​អាស៊ាន​បន្ត​ទំនាក់ទំនង​ជា​មួយ​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​ ជុំវិញ​សន្ធិសញ្ញា​នេះ ហើយ​កំពុង​ស្វែង​រក​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​មាន​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner