សម្តេចតេជោ៖ កិច្ចប្រជុំកំពូល ASEM ជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់ជាថ្មីពី សារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានី ភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និង អគ្គលេខាធិការអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ បានកំណត់គោលដៅរបស់ខ្លួន ដោយឈរលើគោលការណ៍ នៃ កំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយមផ្អែកលើវិធានច្បាប់ ។
ក្នុងនាមជាវេទិកាពហុភាគី ដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ ។ ក្នុងស្មារតីនេះ សម្ដេចយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធ ភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់ នៃអត្ថិភាព របស់ខ្លួន យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និង រឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូលរួមចំណែកកាន់តែ ទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក ។
កិច្ចប្រជុំកំពូល ASEM នេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មី អំពីសារសំខាន់ នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួម ដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា ៕ ដោយ វណ្ណលុក