ក្នុងការប្រឈមមុខគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ភាគីទាំងពីរបានធ្វើសមយុទ្ធរៀងៗខ្លួន
កាលពីថ្ងៃពុធ ទី២៤ វិច្ឆិកាប្រទេសរុស្សីបានធ្វើសមយុទ្ធនៅសមុទ្រខ្មៅ ដែលនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយនិយាយថាពួកគេត្រូវការសំលៀងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងធម្មតានិងនុយក្លេអ៊ែររបស់ខ្លួន ដោយសារការកើនឡើងសកម្មភាពរបស់អង្គការណាតូនៅជិតព្រំដែនរបស់ខ្លួន។

ប្រទេសអ៊ុយក្រែន ដែលចោទប្រកាន់រុស្សីថាកំពុងត្រៀមវាយប្រហារឈ្លានពាន ក៏បានធ្វើសមយុទ្ធ «ប្រតិបត្តិការពិសេស» ដែលរួមមានប្រតិបត្តិការឆត្រយោង និងយន្តហោះគ្មានមនុស្សបើក នៅជិតព្រំដែនជាមួយប្រទេសបេឡារូសដោយមានចូលរួមពីទាហានជាង ៨៥០០ នាក់។

ក្រុមស៊ើបអង្កេតឯករាជ្យរុស្សីមួយបានបង្ហោះរូបភាព និងវីដេអូដែលពួកគេនិយាយថា បង្ហាញពីចលនារថក្រោះ និងរថយន្តយោធាផ្សេងទៀតនៅភាគខាងត្បូងប្រទេសរុស្សីនៅជិតព្រំដែនជាមួយអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ការកើនឡើងនៃសកម្មភាពយោធាទាំងសងខាង បានកើតឡើងបន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្ដាហ៍ ដែលបានបង្កើនហានិភ័យនៃសង្គ្រាមរវាងអតីតរដ្ឋរបស់សហភាពសូវៀតទាំងពីរនេះ បើទោះបីជារុស្សីបានបដិសេធថាពួកគេមិនមានបំណងធ្វើការឈ្លានពានទេ ហើយប្រភពចារកម្មលោកខាងលិចបាននិយាយថាការឈ្លានពានមិនទំនងនឹងកើតឡើងទេ។

អ៊ុយក្រែនគឺមិនមែនជាសមាជិកអង្គការណាតូទេ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធភាពយោធានេះ បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនក្នុងរបៀបដែលបានធ្វើឱ្យរុស្សីខឹងសម្បារ ដូចជាការសមយុទ្ធនៅសមុទ្រខ្មៅ និងការផ្គត់ផ្គង់នាវាល្បាតអាមេរិកទៅឱ្យកងឆ្មាំសមុទ្រអ៊ុយក្រែន៕