ក្រុមហ៊ុន Apple ព្រមានសកម្មជនថៃមួយចំនួនថា ទូរស័ព្ទរបស់ពួកគេអាចនឹងតាមដានដោយរដ្ឋាភិបាល

ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការ​ព្រមាន​សកម្មជន​ថៃ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថា ទូរស័ព្ទ​របស់ iPhone របស់​ពួក​គេ អាច​នឹង​ត្រូវ​បាន​តាម​ដាន​ដោយ​សំណាក់​ភ្នាក់ងារ​របស់​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

រ៉យទ័រ​បាន​ចុះ​ផ្សាយ​ថា សកម្មជន​មួយ​ចំនួន​បាន​ទម្លាយ​ថា ពួក​គេ​ទទួល​បាន​សារ​អេឡិចត្រូនិក​ពី​ក្រុមហ៊ុន​ Apple អំពី​ការ​ព្រមាន​ទាំង​នេះ។

លោក Prajak Kongkirati អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ​ប្រទេស​ថៃ បាន​អះអាង​ថា លោក​បាន​ទទួល​បាន​សារ​ចំនួន ២ពី​ក្រុមហ៊ុន Apple ហើយ​សារ​ទាំង​នោះ​ជឿ​ថា ទូរស័ព្ទ​របស់​លោក​​បាន​ក្លាយ​ជា​គោលដៅ​ក្នុង​ការ​តាមដាន​។

សកម្មជន​ និង​អ្នកស្រាវជ្រាវ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ក៏​បាន​បង្ហោះ​សារ​ទាំង​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ពួក​គេ​ផង​ដែរ។ សារ​នោះ​មាន​ខ្លឹមសារ​ថា​៖ «ប្រសិន​បើ​ឧបករណ៍​របស់​អ្នក​ស្ថិត​ក្រោម​ការ​វាយប្រហារ​ ដែល​មាន​រដ្ឋ​នៅ​ពី​ក្រោយ ភ្នាក់ងារ​ទាំង​នេះ​អាច​ចូល​យក​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ ការ​ឆ្លើយឆ្លង​របស់​អ្នក ហើយ​អាច​ទាំង​ចូល​ក្នុង​កាមេរ៉ា និង​មីក្រូហ្វូន​ទៀត​ផង»។

យ៉ាងណាមិញ ខាង​រដ្ឋាភិបាល​ថៃ​បាន​បដិសេធ​នឹង​ការ​អះអាង​ទាំង​នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner