ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ២៧ នាក់ស្លាប់ក្រោយលិចទូកក្នុងច្រកសមុទ្រ English Channel

ជន​ភៀស​ខ្លួន​ និង​ជន​អន្តប្រវេសន៍​យ៉ាង​ហោច​ណាស់​ចំនួន​ ២៧ ​នាក់​​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ទូក​របស់​ពួក​លិច​នៅ​ពេល​ព្យាយាម​ឆ្លង​កាត់​ច្រក​សមុទ្រ​ English Channel ​​​នៅ​ចន្លោះ​ប្រទេស​បារាំង​ និង​ចក្រភព​អង់គ្លេស​។​

​​តាម​ការ​ចុះផ្សាយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ដែល​​ស្រង់​សម្តី​អ្នក​នេសាទ​ក្នុង​តំបន់​​ មនុស្ស​ជា​ច្រើន​​ធ្វើ​ដំណើរ​ចេញ​ពី​ច្រាំង​ខាង​ជើង​នៃ​ប្រទេស​បារាំង​ជាង​ធម្មតា​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ឆ្លៀត​ឱកាស​ពេល​សមុទ្រ​ស្ងប់​ស្ងាត់​ ឆ្លង​​​ទៅ​ប្រទេស​អង់គ្លេស​។​

ប្រតិបត្តិការ​ជួយ​សង្រ្គោះ​រវាង​បារាំង​និង​អង់គ្លេស​ ធ្វើ​ឡើង​នៅ​ពេល​មាន​សេចក្ដី​រាយការណ៍​ថា​មាន​មនុស្ស​អណ្ដែត​ដោយ​គ្មាន​ចលនា​។​ មន្ត្រី​រដ្ឋាភិបាល​​បារាំង​និយាយ​ថា​ ​តួរលេខ​ដំបូង​បង្ហាញ​ថា​មនុស្ស​ ៣១ ​នាក់​​បាត់​បង់​ជីវិត​ ប៉ុន្តែ​ចំនួន​នេះ​ក្រោយ​មក​ត្រូវ​បាន​កែ​សម្រួល​ចុះ​មក​ត្រឹម​ ២៧ ​នាក់​វិញ​ ហើយ​ក្នុង​​ចំណោម​នោះ​មាន​​​​ស្ត្រី​​​៥​​នាក់​ និង​​ក្មេង​​ស្រី​​ម្នាក់​។​ ​ ​ ​

​​ទាក់​ទង​នឹង​រឿង​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក​ Gerald Darmanin ​​និយាយ​ថា​ ប៉ូលិស​បារាំង​​ចាប់​ខ្លួន​មនុស្ស​ ៤​នាក់​ ដែល​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ដឹក​នាំ​មនុស្ស​ឆ្លង​សមុទ្រ​ ដែល​លោក​ហៅ​ថា​ជា​សោកនាដកម្ម​[ជនអន្តោប្រវេសន៍]​ធំ​បំផុត​ដែល​បារាំង​​ធ្លាប់​ជួប​។​ ​

​កាសែត​ Times ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ផ្សាយ​ថា​ ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​គឺ​​ជាទាហាន​អាហ្វហ្គានីស្ថាន​ ដែល​​​ធ្វើ​ការ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​អង់គ្លេស​ ហើយ​គ្រួសារ​របស់​លោក​សម្រេច​ចិត្ត​ប្រថុយ​នឹង​ការ​ឆ្លង​ដែន​ ដោយ​សារ​តែ​​រង់​ចាំ​យូរ​​ជំនួយ​ពី​ចក្រភព​អង់គ្លេស​យូរពេក​។​

​អង្គការ​អន្តរជាតិ​សម្រាប់​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ (IOM) ​​ហៅ​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃ​ពុធ​ ថា​ជា​ការ​បាត់​បង់​ជីវិត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ច្រក​សមុទ្រ​ English Channel  ​ចាប់​តាំង​ពី​អង្គការ​របស់​ខ្លួន​​ចាប់​ផ្តើម​ប្រមូល​ទិន្នន័យ​នៅ​ក្នុង​ឆ្នាំ​ ២០១៤​។​

​​ចំនួន​មនុស្ស​ប្រើ​ប្រាស់​ទូក​តូច​ៗ​​ដើម្បី​​ឆ្លង​​សមុទ្រ​ ​កើន​​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ ​បើ​ទោះ​បី​ជា​មាន​គ្រោះថ្នាក់​ក៏​ដោយ​ ហើយ​បញ្ហា​នេះ​​ក្លាយ​ជា​ចំណុច​កើន​ឡើង​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទីក្រុង​ឡុងដ៍​ និង​ប៉ារីស​។​ ច្រក​សមុទ្រ​ Channel ​គឺ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភព​លោក​ ហើយ​ចរន្ត​ទឹក​ក៏​ខ្លាំង​ ហើយ​ក៏​ជា​ផ្លូវ​សម្រាប់​ពួក​អ្នក​រត់​គេច​ពន្ធ​ប្រើ​ប្រាស់​​។​

​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក ​Boris Johnson ​​និយាយ​ថា​ លោក​តក់​ស្លុត​​ចំពោះ​ការ​ស្លាប់​ថ្មី​ៗ​ ហើយ​​អំពាវ​នាវ​ឱ្យ​ប្រទេស​បារាំង​ ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​រារាំង​មនុស្ស​ពី​ការ​ប៉ុន​ប៉ង​ឆ្លង​កាត់​សមុទ្រ​។​ ​លោក​បន្ថែម​ថា​ ក្រុម​ជួញដូរ​មនុស្ស​រួច​ផុត​ពី​ឃាត​កម្ម​ ដូច្នេះ​ចក្រភព​អង់គ្លេស​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បញ្ឈប់​​ក្រុម​នេះ​។​

ជា​ការ​ឆ្លើយ​តប​ ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​​និយាយ​ថា​​ ក្រុង​ឡុងដ៍​ចាំ​បាច់​ត្រូវ​បញ្ឈប់​ការយកបញ្ហា​មក​​​ធ្វើ​​ជា​រឿង​​នយោបាយ​​​​ដើម្បី​​ផល​​ប្រយោជន៍​​ក្នុង​​ស្រុក​​ ខណៈ​​ដែល​​លោក​​ Darmanin ​​និយាយ​ថា​ ចក្រភព​អង់គ្លេស​គឺ​ជា​ផ្នែក​នៃ​ការ​ទទួល​ខុស​ត្រូវ​។​

​​យ៉ាង​ណា​មិញ​ ក្រុម​សិទ្ធិ​មនុស្ស​ និង​អ្នក​ជំនាញ​ជន​ភៀស​ខ្លួន​និយាយ​ថា​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​រឹត​បន្តឹង​សិទ្ធិ​ជ្រក​កោន​ និង​ការ​ឃ្លាំ​មើល​កាន់​តែ​តឹង​រ៉ឹង​ កំពុង​ជំរុញ​ឱ្យ​មនុស្ស​ប្រឈម​នឹង​ហានិភ័យ​កាន់​តែ​ច្រើន​។​ អង្គការ​ L’Auberge des Migrants ​ដែល​ជា​ក្រុម​តស៊ូ​មតិស​ម្រាប់​គាំទ្រ​ជន​ភៀស​ខ្លួន​ និង​ផ្លាស់​ទី​លំនៅ​ និយាយ​ថា​៖​ ​«​ការ​ចោទ​ប្រកាន់​​​អ្នក​រត់​គេច​ពន្ធ​ ធ្វើ​ឡើង​​ដើម្បី​លាក់​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​បារាំង​ និង​អង់គ្លេស​»​។

​​យោង​តាម​អាជ្ញាធរ​បារាំង​ មនុស្ស​ជាង ​៣១ ៥០០ ​នាក់​បាន​ព្យាយាម​ឆ្លង​​សមុទ្រ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១ ​ហើយ​មនុស្ស​ ៧ ៨០០ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ ដែល​តួលេខ​នេះ​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ខែ​សីហា​។​

​លោក​ Macron ​​និយាយ​ថា​ ទីភ្នាក់ងារ​ព្រំដែន​របស់​សហភាព​អឺរ៉ុប​ Frontex ​គួរ​តែ​ទទួល​បាន​មធ្យោបាយ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដើម្បី​ការពារ​ព្រំដែន​ខាង​ក្រៅ​របស់​ប្លុក​ និង​ការពារ​ជន​អន្តោប្រវេសន៍​ពី​ការ​ប្រមូល​ផ្តុំ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​របស់​ប្រទេស​បារាំង​។​ លោក​និយាយថា​៖​ «​​បារាំង​នឹង​មិន​អនុញ្ញាត​ឱ្យ​សមុទ្រ​ English Channel  ​ក្លាយ​ជា​កន្លែង​បញ្ចុះ​សព​ទេ​»​។

​​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​និយាយ​ថា​ លោក​ Johnson ​​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ Macron ​ហើយ​មេដឹកនាំ​ទាំង​ពីរ​​សន្យា​ថា​នឹង​បញ្ឈប់​នូវ​សកម្មភាព​ឆ្លង​សមុទ្រ​ដ៏​គ្រោះ​ថ្នាក់​។​ ការិយាល័យ​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖​ «​មេដឹកនាំ​ទាំង​ពីរ​យល់​ព្រម​លើ​ភាព​បន្ទាន់​នៃ​ការ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​ការពារ​ការ​ឆ្លង​​សមុទ្រ​ដ៏​គ្រោះ​ថ្នាក់​ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ឈប់​ក្រុម​មនុស្ស​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​មាន​គ្រោះ​ថ្នាក់​»​។​

​លោក​ Peter Humi ​អ្នក​កាសែត​ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​និយាយ​ថា​ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ដែល​ជំរុញ​ឱ្យ​មាន​ការ​ឆ្លង​កាត់​ដ៏​ច្រើ​នទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​ទ្វីប​អឺរ៉ុប​គឺ​អសន្តិសុខ​ដែល​បណ្ដាល​ពី​សង្គ្រាម​​ចាប់​តាំង​ពី​​មជ្ឈិម​បូព៌ា ​ដល់​​អាហ្វហ្គានីស្ថាន រួ​ម​ទាំង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​ជា​ដើ​ម​។​

​មន្ត្រី​ខេត្ត​ដែន​សមុទ្រ​ក្នុង​តំបន់របស់បារាំង​​​និយាយ​ថា​ មុន​ពេល​គ្រោះ​មហន្តរាយ​កាល​ពី​ថ្ងៃ​ពុធ​ មនុស្ស​ ១៤ ​នាក់​​លង់​ទឹក​ស្លាប់​​​នៅ​ពេល​ព្យាយាម​ឆ្លង​ទៅ​ប្រទេស​អង់គ្លេស​រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​។​ ក្នុង​ឆ្នាំ​ ២០២០ ​មនុស្ស​សរុប​ ៧​ នាក់​​ស្លាប់​ និង​ ២​ នាក់​បាត់​ខ្លួន​។​ ​

ក្នុង​ឆ្នាំ​ 2020 ​វិទ្យាស្ថាន​ទំនាក់​ទំនង​ការ​ប្រណាំង​ចេញ​ផ្សាយ​ការ​ស្រាវ​ជ្រាវ​ដែល​​រ​កឃើញ​ថា​ អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជិត​ ៣០០ ​នាក់​បាន​ស្លាប់​ដោយ​ព្យាយាម​ឆ្លង​កាត់​ច្រក​សមុទ្រ​ឆានែល​ដោយ​យាន​ជំនិះ ​ផ្លូវ​រូង​ក្រោម​ដី​ និង​​​លើ​ទឹក​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៩ ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner