ជប៉ុន និងវៀតណាមប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ហើយបង្ហាញក្ដីព្រួយបារម្ភនៅសមុទ្រចិនខាងត្បូង
ជប៉ុន និងវៀតណាមប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ក៏ដូចជាវិស័យផ្សេងៗទៀត ស្របពេលដែលលោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ ធ្វើដំណើរទស្សនកិច្ចទៅកាន់រាជធានីតូក្យូនៅក្នុងចុងខែវិច្ឆិកានេះ។

អំឡុងដំណើរទស្សនកិច្ចចំនួន ៤ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ លោក ផាម បានចូលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ហីដា (Fumio Kishida) កាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅ។
នាយករដ្ឋមន្ត្រីវៀតណាម ជាមេដឹកនាំដំបូងគេបង្អស់ ដែលលោក គីស្ហីដា បានទទួល ចាប់តាំងពីលោកបានឡើងតំណែងជានាយករដ្ឋមន្ត្រីកាលពីខែតុលាកន្លងទៅ។ ជាមួយគ្នានេះដែរ លោក ផាម មិញឈិញ ក៏បានអញ្ជើញលោក គីស្ហីដា មកទស្សនកិច្ចមកកាន់រដ្ឋធានីហាណូយ នៅក្នុងពេលឆាប់ៗនេះដែរ។
ក្រោយពីជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ វៀតណាម និងជប៉ុនក៏បានចេញសេចក្ដីថ្លែងការណ៍រួមចំនួន ២៩ចំណុច ដែលពិភាក្សាពីប្រធានបទនានារាប់ចាប់តាំងពីទំនាក់ទំនងទ្វេភាគី ដែលនិយាយគ្នាពីកិច្ចសហប្រតិបត្តិការលើផ្នែកនានាដូចជា ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ក៏ដូចជា នយោបាយ និងសន្តិសុខ ហើយក៏និយាយអំពីស្ថានភាពនានាក្នុងតំបន់ និងពិភពលោកផងដែរ។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានសរសើរគ្នាទៅវិញទៅមក ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះទៅទៀត នាយករដ្ឋមន្ត្រីជប៉ុនសម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ១,៥លានដូស ទៅកាន់វៀតណាម ដែលធ្វើឱ្យចំនួនដែលវៀតណាមទទួលបានវ៉ាក់សាំងពីជប៉ុនសរុបប្រមាណ ៥,៦លានដូស។
ជុំវិញលើបញ្ហានយោបាយ និងសន្តិសុខវិញ ភាគីទាំងពីរសន្យាថានឹងពង្រឹងទំនាក់ទំនងផ្នែកនេះឱ្យកាន់ជិតដិតបន្ថែមទៅទៀត ជាពិសេសសហការគ្នាលើ បញ្ហាសន្តិសុខមិនមែនប្រពៃណីដូចជា កិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ការបង្ការលើឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាអំពើភេរវកម្ម ហើយព្រមទាំងនិយាយលើបញ្ហាសន្តិសុខស្បៀង និងធនធានធម្មជាតិផងដែរ។
បន្ថែមពីលើនេះដែរ ភាគីទាំងពីរក៏បញ្ជាក់អំពីគោលជំហរក្នុងការគាំទ្រលើការគោរពច្បាប់សមុទ្រអន្តរជាតិ ១៩៨២ ក៏ដូចជា គោលការណ៍នៃសេរីភាពនាវាចរណ៍ និងសេរីភាពអាកាសចរណ៍លើដែនសមុទ្រ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពនៅសមុទ្រចិនខាងត្បូង ហើយក៏អំពាវនាវកុំឱ្យមានអំពើឯកតោភាគីណាមួយ សំដៅក្នុងការផ្លាស់ប្ដូរបច្ចុប្បន្នភាពនៃតំបន់ជម្លោះដែនសមុទ្ររ៉ាំរ៉ៃនេះ។
ទាំងជប៉ុន និងវៀតណាមយល់ស្របគ្នាថា ភាគីពាក់ព័ន្ធទាំងអស់គួរតែ អនុវត្តឱ្យបានពេញលេញនូវសេចក្ដីប្រកាសស្ដីពីក្រមប្រតិបត្តិស្ដីពីសមុទ្រចិនខាងត្បូង (DOC) ដែលបានចុះហត្ថលេខាដោយអាស៊ាន និងចិន នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០០២ ហើយរឹតតែសំខាន់ទៅទៀតនោះគឺ ភាគីទាំងអស់គួរតែព្រមព្រៀងលើឯកសារមានទម្ងន់ផ្លូវច្បាប់ក្រមប្រតិបត្តិស្ដីពីភាគីនៅសមុទ្រចិនខាងត្បូង (COC) ឱ្យបានឆាប់។
ក្រៅពីរឿងសមុទ្រចិនខាងត្បូង បញ្ហានៅឧបទ្វីបកូរ៉េក៏ត្រូវបានលើកមកពិភាក្សាផងដែរ។ ភាគីទាំងពីរបានសម្ដែងពីការព្រួយបារម្ភចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។ ជប៉ុន និងវៀតណាមក៏ប្ដេជ្ញាជាមួយគ្នាក្នុងការអនុវត្តសេចក្ដីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសកូរ៉េខាងជើង។
បញ្ហាមីយ៉ាន់ម៉ាក៏ជាប្រធានបទមួយរបស់ នាយករដ្ឋមន្ត្រីទាំងពីរដែរ។ លោក គីស្ហីដា សម្ដែងពីការគាំទ្រទៅលើចំណុចមូលមតិទាំង ៥ របស់អាស៊ានទៅលើមីយ៉ាន់ម៉ា។ ភាគីទាំងពីរយល់ស្របគ្នាថា ជប៉ុន និងអាស៊ានគួរតែបន្តសហការគ្នាក្នុងការដោះស្រាយលើបញ្ហានេះ។
ក្រៅពីនេះដែរ ខាងវៀតណាមក៏បង្ហាញពីការគាំទ្រទៅកាន់ជប៉ុន ចំពោះបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៤។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគាំទ្រដល់ការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេសត្រង់ចំណុចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្ដង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក ១៥ ប្រទេស ដោយក្នុងនោះមាន ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍។ ៥ប្រទេសនោះមានដូចជា ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក។
ចំណែកឯ ១០ប្រទេសទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ ដែលជ្រើសរើសតាមរយៈការបោះឆ្នោតហើយមានអាណត្តិ ២ឆ្នាំ។ ក្រោយពីបញ្ចប់អាណត្តិ ២ឆ្នាំនេះ ប្រទេសនោះមានសិទ្ធិឈ្មោះទៀត តែមិនអាចឈរឈ្មោះម្ដងទៀត ក្រោយបញ្ចប់អាណត្តិភ្លាមៗនោះទេ។
ប្រទេសជាច្រើនដូចជា ជប៉ុនមានបំណងធ្វើជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ៕