ប្រទេសអាល្លឺម៉ង់មានមេដឹកនាំថ្មីជាលើកដំបូង បន្ទាប់ពីការគ្រប់គ្រង ១៦ឆ្នាំរបស់លោកស្រីមឺកែល

ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ ១៦ ឆ្នាំ​ប្រទេស​អាល្លឺម៉ង់​នឹង​មាន​រដ្ឋាភិបាល​កណ្ដាល-ឆ្វេង​និយម​ និង​អធិការបតី​ថ្មី​គឺ​លោក​អូឡាហ្វ សូល​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ (SDP) ដោយ​លោក​នឹង​ស្នង​ដំណែង​ពី​លោក​ស្រី​អេនជេឡា មឺកែល​ ដែល​ជា​មេដឹកនាំ​ជើង​ចាស់​មួយ​ដែល​បាន​ធ្វើ​ឱ្យ​អាល្លឺម៉ង់​មិន​អាច​ខ្វះ​បាន​ក្នុង​ភូមិសាស្ត្រ​នយោបាយ​អឺរ៉ុប​។

បន្ទាប់​ពី​ការ​ទន្ទឹម​រង​ចាំ​យ៉ាង​យូរ លោក​សូល​ និង​ដៃគូ​សម្ព័ន្ធ​ភាព​កាន់​អំណាច​មក​ពី​គណបក្ស​បៃតង (Green) ដែល​មិន​និន្នាការ​ឆ្វេង​និយម និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ (FDP) ដែល​មាន​និន្នាការ​កណ្ដាល​និយម​បាន​ឈាន​ជើង​ពី​មុខ​កាមេរ៉ា​កាល​ពី​ថ្ងៃ​ពុធ ទី​២៤ វិច្ឆិកា ដើម្បី​ប្រកាស​កិច្ចព្រមព្រៀង​ចែក​រំលែក​អំណាច​ប្រវែង​ ១៧៧ ទំព័រ ដែល​ពួកគេ​បាន​ចរចា​ក្រោម​ការ​សម្ងាត់​ចាប់​តាំង​ពី​ជ័យជម្នះ​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ២៦ កញ្ញា​។

លោក​ សូល ដែល​កាល​ពី​អាណត្តិ​មុន​បាន​ដើរតួ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​ស្រី​មឺកែល ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​សម្បថ​ចូល​កាន់​តំណែង​នៅ​ដើម​ខែ​ក្រោយ​។ ភ្លាម​ៗ លោក​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ រួម​មាន​ការ​កើន​ឡើង​យ៉ាង​រហ័ស​នៃ​ជំងឺ​កូវីដ-១៩ និង​វិបត្តិ​ព្រំដែន​នៅ​បេឡារូស​ និង​អ៊ុយក្រែន​។

គេ​រំពឹង​ថា​សហ​ប្រធាន​គណបក្ស​បៃតង​លោក​រ៉ូប៊ឺត ហាបេក​ នឹង​កាន់​តំណែង​ជា​អនុ​អធិការបតី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដ៏​ធំ​ថ្មី​មួយ​ ដែល​នឹង​រួម​បញ្ចូល​មុខងារ​សេដ្ឋកិច្ច​ និង​អាកាសធាតុ ​ហើយ​លោក​ស្រី​សហប្រធាន​អាណាលេណា​ ប៊ែរបុក​នឹង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ ខណៈ​ពេល​ដែល​ប្រធាន​គណបក្ស​ FDP ​លោក​គ្រីស្ទាន លីន្តនឺរ នឹង​កាន់​តំណែង​ជា​អនុ​អធិការបតី​ទី​ពីរ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​។

លើ​បញ្ហា​ជា​ច្រើន​ចាប់​ពី​អឺរ៉ុប រហូត​ដល់​គោលនយោបាយ​ពាណិជ្ជកម្ម និង​ការបរទេស អ្នក​វិភាគ​ភាគ​ច្រើន​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​ដំណើរ​ តាម​ផ្លូវ​ដែល​កំណត់​ដោយ​អ្នក​កាន់​តំណែង​មុន​។ ប៉ុន្តែ​លើ​បញ្ហា​មួយ​ចំនួន ​ជា​ពិសេស​ជុំវិញ​ការ​ចូល​រួម​ជា​មួយ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ចិន និង​រុស្សី​ ដៃ​គូរ​ទាំង​ពីរ​នេះ​អាច​បង្ខំ​ឱ្យ​លោក​សូល​កែ​ប្រែ​គោលនយោបាយ​ចាស់​ៗ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner