ប្រមុខការទូតចិននឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមវីដេអូអនឡាញជាមួយ សមភាគីរុស្ស៊ី និង ឥណ្ឌា

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេស និងជាក្រុមប្រឹក្សារដ្ឋចិន លោក វ៉ាង យី នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី ១៨ ជាមួយសមភាគីរបស់លោក មកពីរុស្ស៊ី និងឥណ្ឌានៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិន។

កិច្ចប្រជុំត្រីភាគីតាមវីដេអូនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា ជាប្រធាននៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរូវ ព្រមទាំងរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ដែលហៅកាត់ថា (RIC)។ រដ្ឋមន្ត្រីការបរទេសទាំងបីត្រូវបានគេរំពឹងថា នឹងមានធ្វើកិច្ចពិភាក្សាគ្នាទៅលើបញ្ហាក្នុងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងស្ថានការណ៍នៅអាហ្វហ្គានីស្ថានផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ប្រមុខការទូតទាំងបីក៏ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាអំពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការត្រីភាគី រួមទាំងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានសារៈសំខាន់ផ្សេងៗទៀត។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានកាន់តំណែងជាប្រធាននៃកិច្ចប្រជុំ RIC បន្ទាប់ពីកិច្ចប្រជុំត្រីភាគីលើកចុងក្រោយនៅទីក្រុងម៉ូស្គូ កាលពីខែកញ្ញា ឆ្នាំមុន។ ហើយបន្ទាប់ពីកិច្ចប្រជុំត្រីភាគី នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ លោក ចៃហ្សានកា នឹងប្រគល់តួនាទីជាប្រធាននៃ RIC ទៅឱ្យរដ្ឋមន្ត្រីការបរទេសចិនវិញ សម្រាប់រយៈពេលមួយឆ្នាំបន្ទាប់៕ ប្រភព៖ CGTN និង livemint

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner