វិបត្តិកូវីដ១៩៖ វ៉ារ្យ៉ង់អូមីក្រុន ចាប់ផ្ដើមរីករាលដាលទៅដល់ប្រទេសជាច្រើនលើពិភពលោក

វ៉ារ្យ៉ង់អូមីក្រុន (omicron) បាន​លេចឡើ​ង​​នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបកាន់​តែច្រើ​ន កាលពីថ្ងៃសៅរ៍សប្ដាហ៌​មុន​ ពោលគឺ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពីគេបាន​កំណត់អត្តសញ្ញាណ​វ៉ារ៉្យង់​ប្រភេទ​នេះ​នៅប្រទេស​​អាហ្វ្រិកខាងត្បូង ​ខណៈ​រដ្ឋា​ភិបាល​ជុំវិញ​ពិភ​ពលោ​ក​ កំពុង​បង្កើន​ការប្រុង​ប្រយ័ត្ន​។ នេះបើតាម​ឱ្យដឹងពីសារព័ត៌មាន​ AP News។

កាលពីថ្ងៃសៅរ៍នេះ​ ចក្រ​ភពអង់គ្លេស បានរឹត​បន្តឹង​ច្បាប់​របស់ខ្លួនលើ​វិធាន​​ពាក់ម៉ាស់ ក៏ដូចជា​ការ​ធ្វើតេ​ស្ត​លើ​អ្នក​ដំណើរ​​អន្តរជាតិ បន្ទាប់ពីបាន​​រ​ក​ឃើ​ញក​រណីវ៉ារ៉្យង់​អូមីក្រុនចំនួន​​ ២ករណី​។នៅចុងសប្ដាហ៌​នេះ​ផងដែរ​ ករណីវ៉ារ៉្យង់​អូមី​ក្រុន​ ត្រូវ​បាន​គេ​រ​ក​ឃើញ​​នៅប្រទេសអាឡឺម៉ង់ និងអ៊ីតាលី បែលហ្ស៊ិក អ៊ីស្រាអែល និងហុងកុង​ផងដែរ​។

លោក​វេជ្ជបណ្ឌិត Anthony Fauci ជាអ្ន​​កជំនាញជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិក ​​ថ្លែង​​ថា៖​ «ខ្ញុំ​​មិ​ន​ភ្ញា​ក់​ផ្អើលទេ ប្រសិនបើវ៉ារ្យ៉ង់អូមីក្រុន​ ​មាន​វត្ត​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រួច​ហើយ​នោះ​»​។

លោក Fauci បាន​និយាយ​នៅ​លើ​កញ្ចក់ទូរទស្សន៍ N​​BC ថា៖​ «យើង​មិនទាន់បានរកឃើ​ញ​​ករណី​វ៉ារ៉្យង់​នេះ​​​​នៅ​ឡើយទេ ប៉ុន្តែប្រសិន​ជា​មាន​វ៉ារ៉្យង់​ថ្មី​ ដែល​កំពុង​ឆ្លង​មែន​នោះ​ ខ្ញុំ​គិត​ថា​ វា​ប្រាកដ​ជាឆ្លង​ពាស​ពេញ​ហ្នឹង​មិន​ខាន​ យើង​ពិបាកនឹង​គ្រប់​គ្រងវាណាស់»។  

ភា​ព​ភ័យខ្លាច​ដោយ​ថា វ៉ារ្យ៉ង់ថ្មីអាច​នឹង​មាន​ធន់​នឹង​​វ៉ាក់សាំង ប្រទេស​នានា​បាន​បង្កើន​ការប្រុង​ប្រយ័ត្ន​ ដោយ​មាន​ទាំង​កា​រ​រឹ​ត​ប​ន្តឹ​ងគម្លាត​សារធារណៈ​ ក៏​ដូច​ជា វិធាន​បិទខ្ទប់​មុន​ផងដែរ​។​ មនុស្ស​ជា​ច្រើន បាន​ដាក់​កំហិ​ត​កា​រ​ធ្វើដំ​ណើររួច​ហើយ លើជើងហោះហើរពីអាហ្វ្រិកខាងត្បូង​ ​ខណៈ​​​ពួក​គេកំពុង​វាយ​តម្លៃ​ថា​តើ​វ៉ារ្យ៉ង់​អូមីក្រុន​​ ​មាន​ភាព​កាច​សាហាវ​ជាង​វ៉ារ៉្យង់​ដែល​តា​ ឬ យ៉ាង​ណា។

ប្រទេសជាច្រើន​ បា​ន​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​លើ​បណ្តា​ប្រទេ​​ស​អា​ហ្វ្រិក​​ខា​ង​ត្បូ​ង​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ថ្ងៃ​កន្ល​ង​ម​ក​នេះ រួមទាំងប្រទេសអូ​​ស្ត្រាលី ប្រេស៊ីល កាណាដា សហភាពអឺរ៉ុប អ៊ីរ៉ង់ ជប៉ុន នូវែលសេឡង់ ថៃ និងសហរដ្ឋអាមេរិក ​ដើ​ម្បីទប់​ស្កាត់​ការ​ឆ្លង​នៃ​​វ៉ារ្យ៉ង់​ថ្មី​នេះ​ បើ​ទោះ​បីជា​ផ្ទុយ​ទៅ​នឹង​ការ​ណែនាំ​រ​បស់​អង្គការ​សុខភា​ព​ពិភពលោក​ ដែល​​ព្រមាន​មិន​ឱ្យ​មាន​ការ​​ប្រតិក​ម្មហួសហេតុណាមួយ មុ​ន​ពេល​វ៉ារ្យ៉ង់​ថ្មី​​ត្រូវ​បាន​សិក្សា​យ៉ា​ងហ្មត់ច​ត់​ជា​ដើម​។

ទោះបី​ជា​ មានការហាម​​ឃា​ត់​ការ​​ហោះ​ហើរក៏ដោយ ក៏មានការបារម្ភកាន់តែខ្លាំ​ង​ឡើ​ងដែ​​លថា វ៉ារ្យ៉ង់​នេះ​ អា​ច​នឹង​រីក​រាល​ដាល​យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ប្រទេសអ៊ី​តា​លី និងអាឡឺម៉ង់ គឺជា​ប្រទេស​ចុង​ក្រោយ​គេ ដែលរាយការ​​ណ៍​ក​រណី​​វ៉ារ្យ៉ង់អូមីក្រុន​នេះ​។

វិទ្យាស្ថាន​សុ​ខ​ភាពសាធារណៈរបស់ប្រទេ​ស​ហូ​ឡង់ បាននិ​យាយថា វ៉ារ្យ៉ង់អូមីក្រុន​ ទំនង​ជា​រក​ឃើញ​នៅ​ក្នុង​អ្នក​ធ្វើតេ​ស្ត​មួ​យ​ចំ​នួន  ដែល​ត្រូ​វ​បា​ន​ដា​ក់​ឱ្យ​នៅ​ដា​ច់​ដោ​យ​ឡែ​ក​ បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង Amsterdam កាល​ពីថ្ងៃ​ សុក្រ​ តាមជើ​​ង​ហោះហើរពីរពីអាហ្វ្រិកខាងត្បូ​ង។

វិទ្យាស្ថាន​ដដែល បាននិយាយនៅក្នុង​​សេច​ក្តីថ្លែងការណ៍មួយថា ការវិភាគ​ប​ន្ត​ប​ន្ទា​ប់គ្នា​​កំ​ពុង​ដំណើរ​ការលើ​មនុស្ស​ ៦១​ នាក់​​ ដើម្បី​កំណត់​ឱ្យ​ប្រាកដ​​ថាវា​ គឺជាវ៉ារ្យ៉ង់ថ្មី​ ឬ​ យ៉ាងណា​ ហើយ​ល​ទ្ធផល​នៃ​ការ​វិភាគ​អាច​នឹង​បញ្ចប់​នៅ​អាទិត្យ​។

នៅ​អ៊ីស្រាអែលទៀត​សោត​​ ក៏បាន​រកឃើញមេរោ​គ​ថ្មី​នៅ​ក្នុ​ង​អ្ន​ក​ដំណើ​រ​ ដែល​បាន​ត្រឡប់​មក​ពីប្រ​ទេសម៉ា​ឡាវី ហើយក៏​កំពុងតាមដាន​អ្នកធ្វើដំណើរចំនួន ៨០០ នាក់ ដែលទើបតែ​ត្រ​ឡ​ប់​ម​ក​ពី​បណ្តាប្រ​ទេស​អាហ្វ្រិក​ខាង​​ត្បូ​ងនាពេលថ្មីៗនេះ។​ ហើយ​អូ​ស្ត្រា​លី បាននិយាយកា​ល​​ពីព្រឹកថ្ងៃ អាទិត្យ ថា អ្នក​វិទ្យាសា​ស្ត្រ​របស់​ខ្លួ​ន កំពុ​ងធ្វើការ ដើម្បីតាម​ដាន​លើ​មនុស្ស ២ ​នា​ក់​ ដែលបានធ្វើតេស្តវិជ្ជមានវ៉ារ៉្យង់​អូមីក្រុន​ ​ បន្ទាប់​​​ពី​បានមកដល់អាហ្វ្រិកខាងត្បូងវិញ​។

យ៉ាងណាមិញ ក្រុមហ៊ុនឱ​ស​ថ​មួ​យចំ​នួន រួមទាំងក្រុមហ៊ុន​ AstraZeneca ក្រុមហ៊ុន​ Moderna ក្រុមហ៊ុន​Novavax និងក្រុមហ៊ុន​ Pfizer បាននិយាយ​ថា ពួកគេមានផែនកា​រ ដើម្បីបង្កើន​ប្រសិទ្ធិភាព​វ៉ាក់​សាំង​រប​ស់ពួ​កគេ ដើម្បីទប់​ទល់​នឹង​ឥទ្ធិពល​នៃ​វ៉ារ៉្យង់​អូមីក្រុននេះ​។ ក្រុមហ៊ុន P​fizer និងដៃគូរ​ប​ស់​ខ្លួ​នគឺ​ក្រុមហ៊ុន​ BioNTech បាននិយា​យ​ថា​ ពួកគេរំពឹងថា នឹង​អាចបង្កើន​ប្រសិទ្ធិភាព​វ៉ាក់​សាំង​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ប្រហែល​ ១០០ ថ្ងៃ។​

សាស្ត្រាចារ្យ Andrew Pollard នាយកក្រុម​បង្កើត​វ៉ាក់សាំង​ Oxford Vaccine Group ដែល​បាន​បង្កើត​វ៉ាក់​សាំង​ AstraZeneca ​បា​ន​បង្ហាញ​សុទិដ្ឋិនិយម​ថា វ៉ា​ក់សាំង ដែល​មា​ន​ស្រា​ប់ អាច​មាន​ប្រសិទ្ធភាព​ក្នុ​ង​ការ​ការ​ពា​រករណីធ្ងន់​ធ្ងរ​ ដែល​បណ្ដាល​មក​ពី​វ៉ារ៉្យង់​អូមីក្រុន។

អ្នកជំ​នា​ញ​ខ្លះ​ ក៏លើក​ថា ការលេចឡើង​នៃ​វ៉ា​រ្យ៉ង់នេះ គឺ​ជាលទ្ធផល​មក​ពី​​ការ​​ស្តុ​កទុ​ក​វ៉ាក់​សាំង​របស់​ប្រ​ទេ​ស​អ្ន​ក​មាន​ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ និង​ភាព​​អូសបន្លាយជំងឺរា​ត​​ត្បាត​ទូ​ទាំង​ប្រទេស​។​តួរ​យ៉ាង ប្រទេស​តិចជាង ៦% នៃ​ប្រជា​ជ​ន​នៅទ្វី​ប​អា​ហ្រ្វិ​ក​ ទទួល​បាន​វ៉ាក់សាំង​ពេញ​លេ​ញ ខណៈ​បុគ្គ​លិកសុ​ខាភិ​បាល​​រាប់លាននាក់ និងប្រជាជន ដែ​​ល​ងាយរងគ្រោះមិនទាន់ បា​​ន​​ទទួលវ៉ាក់សាំង​នៅ​ឡើយ​ទេ​។

លក្ខខ​ណ្ឌ​ទាំ​ងនោះ​ អាច​ជា​កត្តា​មួយ​ក្នុង​ការ​​បង្កើនល្បឿននៃកា​​ររីករាលដាលនៃមេរោគ​ ​ដោយ​ផ្តល់​ឱកាស​ដល់​មេរោគ​ក្នុង​ការ​វិវត្ត​នៃ​ជំងឺ​ និង​គ្រោះ​ថ្នាក់​កាន់​​តែ​​ច្រើ​​ន​។

លោក​សាស្ត្រាចារ្យ P​​eter Ope​nshaw វេជ្ជសាស្ត្រពិសោធន៍នៅសាលា​ Imperial College London ប្រចាំ​ទីក្រុង​ឡុង៍​​​និ​យា​យថា៖ «កត្តា​សំខា​​ន់​មួ​យ​ក្នុងការលេចឡើងនៃវ៉ា​រ្យ៉​ង់​ អាច​បណ្ដាល​មក​ពី​ អត្រា​នៃ​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ទា​ប​នៅក្នុ​ង​ផ្នែក​ខ្លះនៃ​​ពិ​ភ​ពលោ​​ក ដូច​ដែល​ការព្រមានរប​​ស់អង្គការសុខភាពពិភពលោក ថា​​ គ្មាន​ន​រ​ណា​ម្នា​ក់​មាន​សុវត្ថិភាព​ឡើយ លុះត្រា​ប្រទេស​ទាំង​អស់​មាន​សុ​វត្ថិ​ភាព​»។

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner