សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយសាររំលែកទុក្ខទូលថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ចំពោះព្រះមរណភាពរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយសារលិខិតរំលែកទុក្ខ ទូលថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ចំពោះព្រះមរណភាពរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
ទូលព្រះបង្គំជាខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥:៤០នាទីរសៀល ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះ រោគាពាធ។
ទូលព្រះបង្គំ សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាព្រះជាយា និងព្រះបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ប្រកបដោយសេចក្តីទុក្ខសោកសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើរ រកទីបំផុតគ្មានចំពោះការបាត់បង់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះឥស្សរជនខ្មែរដ៏ឆ្នើមមួយ ព្រះអង្គ ដែលមានស្នាព្រះហស្តនិងបទពិសោធន៍ជាច្រើនចូលរួមកសាងជាតិ ប្រកបដោយព្រះសមត្ថភាពនិងពេញព្រះ ហឫទ័យស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់អវសានព្រះជន្ម។
ទូលព្រះបង្គំ សូមលំឱនកាយវាចាចិត្ដឧទ្ទិស បួងសួងដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ សូមព្រះអង្គយាងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រគ្រប់ព្រះអង្គ ទទួល នូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ពីទូលព្រះបង្គំ ។