សមត្ថកិច្ចចុះអនុវត្តបទបញ្ជារបស់សម្តេចតេជោជុំវិញរឿងឈូសឆាយនៅតំបន់ព័ទ្ធជុំវិញបឹងទន្លេសាប (Video Inside)

សមត្ថកិច្ចបានចុះស្រាវជ្រាវនិងស៊ើបអង្កេតជុំវិញអំពើឈូសឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិនៅតំបន់ជុំវិញ បឹងទន្លេសាបក្រោយការដាក់បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងការប្តេជ្ញាអនុវត្តអភិក្រមវះកាត់លើមន្ត្រីណាដែលខិលខូច។

សេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងបានឳ្យដឹងថាដីព្រៃលិចទឹកច្រើនពាន់ហិកតា ក្នុងតំបន់២និងតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខូចមួយចំនួនក្នុងនោះរួមមានទាំងមន្ត្រីរាជការ, និងឈ្មួញធំៗផងដែរ ត្រូវគេរាយការណ៍ជុំវិញអំពើទន្ទ្រានឈូសឆាយរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ។ អំពើល្មើសឈូសឆាយដីព្រៃលិចទឹកនេះ បានកើតមានច្រើនជាងគេនៅក្នុងឃុំច្រណូក នៃស្រុកកំពង់លែង។ ចំណែកនៅក្នុងឃុំពាមឆ្កោកស្រុកជលគីរី, អំពើល្មើសនេះ ក៏មានរាប់រយហិកតាផងដែរ, ខណៈនៅជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ ក៏កើតមានរាប់រយហិកតាផងទៀតនៅក្នុងឃុំក្បាលទឹកនិងឃុំជៀប នៃស្រុកទឹក ផុស ។

ដោយឡែកនៅក្នុងឃុំខុនរងនិងឃុំឆ្នុកទ្រូ នៃស្រុកបរិបូរណ៍ អំពើល្មើសដូចគ្នានេះ ក៏មានរាប់រយហិកតា, ចំណែក នៅក្នុងក្រុងកំពង់ ឆ្នាំង អំពើល្មើសទន្ទ្រាននេះ ក៏មានរាប់សិបហិកតាផងដែរ ។ អំពើបំពាននេះ ត្រូវពលរដ្ឋបាន រាយការណ៍ត្អូញត្អែរច្រើនដង ប៉ុន្តែក្រុមដែលមានរៀបចំគ្នីគ្មាជាប្រព័ន្ធ តែងត្រូវរួចខ្លួនផុតចេញពីសំណាញ់ច្បាប់។

យោងតាមសេចក្តីរាយការណ៍របស់មន្ទីរផ្នែករដ្ឋបាលជលផលនិងផ្នែកមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង គឺនៅក្នុងឆ្នាំ២០១៩ , ២០២០ និង ២០២១, បទល្មើសឈូសឆាយ ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប នោះ បានកើតឡើងរាប់រយករណី និងមន្ត្រីអាជ្ញាធរបានបញ្ជាក់នូវការធ្លាប់ចាប់ឃាត់ត្រាក់ ទ័របានជាង១៨០   គ្រឿង និងធ្លាប់បានកសាងសំណុំរឿងជាង ២០០សំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ ឆ្នាំងដើម្បីការចាត់ វិធានការតាមផ្លូវច្បាប់។

ប៉ុន្តែសេចក្តីរាយការណ៍ពីមន្ត្រីខេត្តដដែលបានបង្ហាញថាការផ្តន្ទាទោសលើជនល្មើស នៅក្នុងសំណុំរឿងជាង ២០០ករណីនោះពុំបានកើតឡើងឡើយ, ចំណែកត្រាក់ទ័របង្កបទល្មើសជាង ១៨០គ្រឿង ក៏ត្រូវបានតុលាការដោះលែងទៅវិញនោះថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រីក្នុងសារសម្លេងកាលពីថ្ងៃអាទិត្យបានដាក់បទបញ្ជាប្រើកណ្តាប់ដៃដែក ។

សេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងថ្ងៃនេះ បានឳ្យដឹងថាកងកម្លាំងក្រោមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋ​មន្ត្រីបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅលើទីតាំងជាក់ស្តែង និងសមត្ថកិច្ចនៅមិនទាន់បានឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនៅឡើយទេនៅថ្ងៃនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner