ហោរាសាស្រ្តអាជីពប្រចាំថ្ងៃអង្គារ៍ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងារ និងដំណើរការងាររកស៊ីបានយ៉ាងល្អ។ ចំពោះបញ្ហាតូចតាចមួយចំនួនដែលនឹងអាចកើតមានឡើង គឺមិនគួររធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកឡើយ សូមព្យាយាមកំរិតភាពវិជ្ជមាន និងអវិជ្ជមានឲ្យបានត្រឹមត្រូវ ពីព្រោះរាសីថ្ងៃនេះនឹងអាចផ្តល់ដល់អ្នកនូវភាពជោគជ័យជាទីគាប់ចិត្ត។ ក្រៅពីនេះ លោកអ្នកមានព្រឹត្តិការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមព្យាយាមជានិច្ច ហើយដោះស្រាយបញ្ហាដែលជួបប្រទះដោយសន្សឹមៗ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសកម្មភាពសកម្មភាពដោយឯកឯងអាចប្រឈមទៅនឹងភាពគ្រោះថ្នាក់ ឬខាត់បង់ធំ ដូច្នេះសូមព្យាយាមធ្វើការជាក្រុម ឬជិតស្និទ្ធជាមួយដៃគូទើបជាការប្រសើរ។ ម្យ៉ាងទៀតសូមលោកអ្នកធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនធ្វើតាមអារម្មណ៍នោះទេ។ ថ្ងៃនេះលោកអ្នកហាក់បាក់ទឹកចិត្ត និងហាក់គ្មានជំនឿចិត្តចំពោះមនុស្សនៅជុំវិញខ្លួន ទោះបីអារម្មណ៍នេះកើតឡើងដោយយោងទៅលើហេតុផលខ្លះៗក្តី សូមកុំភ្ជាប់ខ្លួនជាមួយនឹងកំហុសពីអតីត។ ក្នុងនោះដែរ សូមប្រើប្រាស់អំណោយផលក្នុងការទំនាក់ទំនងដើម្បីសុំការជួយជ្រោមជ្រែង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរទៅជាធម្មតា និងគ្មានអ្វីមករំខានឡើយ។ ប៉ុន្តែសូមលោកអ្នករក្សាចិត្តថ្លើម អត់ធ្មត់ និងមានការអនុគ្រោះឲ្យបានច្រើន។ ក្រៅពីនេះសូមកុំចុះចាញ់ ឬអស់សង្ឃឹម។ ស្ថានភាពយ៉ាប់យឺនទាំងឡាយនឹងអាចប្រែជាល្អប្រសើរបានក្នុងពេលឆាប់ៗ ដូច្នេះមិនគួរធ្វើឲ្យខ្លួនឯងមានភាពតានតឹងពេកនោះទេ។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចជួបប្រទះបញ្ហាតូចតាចមួយចំនួន ប៉ុន្តែវាមិនគំរាមកំហែងដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកឡើយ។ ចំពោះទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារ គឺត្រូវយកចិត្តទុកដាក់ជាទីបំផុត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់អ្នកអាចនឹងសម្រេចបានផលប្រយោជន៍យ៉ាងល្អប្រសើរណាស់។ ប៉ុន្តែហោរាផ្តល់អនុសាសន៍ឲ្យលោកអ្នកបដិសេធអារម្មណ៍ឆេវឆាវ និងការបញ្ចេញមតិយោបល់ដែលនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។ ពេលនេះដែរ ប្រហែលជាមិត្តរួមការងាររបស់អ្នកមិនសូវចាប់អារម្មណ៍ និងយោគយល់លោកអ្នកប៉ុន្មានឡើយ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់។ ការនិយាយច្រើន អាចជាហេតុផលនៃកំហុស។ ដោយឡែកថ្ងៃនេះផ្តល់នូវភាពឆ្លាតវៃ និងរហ័សរហួនខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះគិតគូរពីគម្រោងផែនការ ដោះស្រាយបញ្ហា ឬធ្វើការចរចា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលយ៉ាងខ្លាំងចំពោះរាល់ជំនាញវិជ្ជាជីវទាំងឡាយ។ លោកអ្នកនឹងមិនប្រទះបញ្ហាអ្វីសោះឡើយ។ លើសពីពីនេះអ្នកអាចទទួលបានអារម្មណ៍រីករាយបំផុតនៅចុងបញ្ចប់ការងារល្ងាចនេះ។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារដែលសេសសល់ពីមុន ឬដែលកំពុងរងចាំដំណឹងជាយូរមកហើយ។ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារអាចធ្វើទៅបាន ប៉ុន្តែបើអ្នករក្សាការងារចាស់គង់នឹងហុចផលល្អប្រសើរជាង ដោយសារលោកអ្នកមិនខាតពេលវេលា និងកំលាំង។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នចំពោះភាពភ្លេចភ្លាំង ក្រែងធ្វើឲ្យបាត់បង់ពត៌មាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារនានាព្យាករណ៍ថានឹងទទួលបានភាពវិជ្ជមានទាំងអស់ ហើយភាពវិជ្ជមាននេះនឹងផ្តល់ភាពរឹងមាំទៅដល់អនាគតនៃអាជីពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ កុំរងចាំឡើយ ចូរបំពេញរាល់បំណងប្រាថ្នាទាំងអស់ដោយអត់ធ្មត់ក្នុងពេលនេះ។ ដោយឡែក អ្នកនឹងអាចកំណត់ចំណុចខ្សោយក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងអាចរកដំណោះស្រាយបានដោយងាយស្រួល។ ក្នុងពេលនេះអ្នកក៏គួរគិតគូរឡើងវិញដល់ភាពទាក់ទាញដោយពាក្យសំដី និងការតុបតែងខ្លួន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយរលូន និងឳកាសនៃភាពរីកចម្រើនខ្លាំងក៏កំពុងធ្វើដំណើរមកស្របនឹងគន្លងផ្លូវដែលអ្នកកំពុងដើរផងដែរ។ ថ្ងៃនេះសូមមានការប្រុងប្រយ័ត្នចំពោះការងារណាដែលពាក់ព័ន្ធនឹងឯកសារ គូរពិនិត្យឲ្យបានត្រឹមត្រូវ និងម៉ត់ចត់មុននឹងអនុម័ត ពីព្រោះកំហុសអាចនឹងកើតមាន។ ក្រៅពីនេះ កុំព្យាយាមធ្វើឲ្យមនុស្សរួមការងារ និងដៃគូរបស់អ្នកមានភាពភ្ញាក់ផ្អើលជាមួយនឹងការប្រតិបត្តិរបស់អ្នក។ យកល្អគួរដំណើរការការងារធម្មតា តាមកាលវិភាគ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងមុខរបររកស៊ីជួញដូរនឹងទទួលបានផ្លែផ្កាយ៉ាងច្រើនអនេក។ ប៉ុន្តែលោកអ្នកក៏ត្រូវព្យាយាមប្រុងប្រយ័ត្នជាពិសេស ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬសម្រេចចិត្តបណ្តាក់ទុនធំដុំជាមួយមនុស្សដែលអ្នកមិនសូវស្គាល់សាវតាគេច្បាស់។ ម្យ៉ាងទៀតសម្រាប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកក្នុងពេលនេះ គឺមិនត្រូវដោះស្រាយវាក្នុងពេលតែមួយនោះទេ អ្វីៗទាមទារភាពច្បាស់លាស់។ ចំពោះបញ្ហានានា សូមកុំមានក្តីបារម្ភអ្វីសោះឡើយ ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយស្ថានការណ៍បានល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកទាមទារការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវគោរពគោលការណ៍នៃអ្នកដឹកនាំជានិច្ច។ សូមបំពេញកាតព្វកិច្ចផ្លូវការ ដោយយកចិត្តទុកដាក់ ព្រោះនោះជាមធ្យោបាយនៃភាពជោគជ័យរបស់អ្នក។ ក្រៅពីនេះ សូមបង្ហាញភាពរួសរាយរាក់ទាក់ឲ្យបានច្រើន ហើយបញ្ហាដែលមិនបានការ គួរកុំចំណាយពេលវេលាទៅពាក់ព័ន្ធឡើយ។ សូមព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជាមានកាលទេសណាក៏ដោយ។ ដោយឡែក ថ្ងៃនេះទាមទារភាពច្បាស់លាស់លើការងារ ដូច្នេះសូមព្យាយាមក្តោបក្តាប់ពត៌មានឲ្យបានច្បាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមមានការប្រុងប្រយ័ត្ន និងអត់ធ្មត់ជាទីបំផុត។ លោកអ្នកអាចនឹងត្រូវគេបញ្ចុះបញ្ចូល ហើយសម្រាប់ការធ្វើទំនាក់ទំនងជាមួយអ្នកធំ ឬមនុស្សថ្នាក់លើត្រូវការពារយ៉ាងណាកុំពាក់ព័ន្ធនឹងបញ្ហារសើប។ ថ្ងៃនេះបើលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំងនោះ អ្នកនឹងអាចកែប្រែស្ថានភាពសេដ្ឋកិច្ចដែលយ៉ាប់យឺនឲ្យមកល្អវិញបាន។ លោកអ្នកអាចនឹងជំនះរាល់ឧបស័គ្គដោយងាយ ប្រសិនបើអ្នកមិនប្រកាន់របៀបរបប ឬក្រឹតក្រមខ្លាំងពេកនោះ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាមទារឲ្យលោកអ្នកប្រុងប្រយ័ត្ន ជាពិសេសប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ ពីព្រោះលោកអ្នកមានឳកាសខ្ពស់ពាក់ព័ន្ធនឹងភាពអន្តរាយផ្នែកហិរញ្ញវត្ថុ និងអាជីព។ ក្រៅពីនេះ លោកអ្នកមិនគួរធ្វើការឲ្យហួសពីកំរឹតនោះឡើយ បើទោះជាលោកអ្នកមានសក្កានុពលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅលើស្ថានភាពការងារក្តី។ ដូច្នេះសូមកុំមើលងាយស្ថានការឲ្យសោះ រកពេលវេលាសម្រាក និងគិតគូរពីសុខភាព។ ដោយឡែក លោកអ្នកគួរស្វែងរកពត៌មានសំខាន់ជុំវិញការងារ ហើយធ្វើយ៉ាងណាបំពេញកាតព្វកិច្ចជាសំខាន់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររបស់អ្នកស្ថិតក្នុងសភាពហ្នឹងហ្ន៎ ក៏ប៉ុន្តែវាដល់ពេលដែលអ្នកត្រូវពិនិត្យកែលម្អគម្រោងការងារនោះជាថ្មី។ ប្រសិនបើលោកអ្នកសំឡឹងឃើញការងារថ្មី ឬឳកាសទទួលបានផលលាភធំ គឺត្រូវរហ័សរហួន ប៉ុន្តែត្រូវព្យាយាមយល់ដឹងពីស្ថានភាពនោះឲ្យបានល្អជាមុន។ ទន្ទឹមនឹងនេះការចាញ់បញ្ឆោត ការទទួលពាក្យរិះគន់ខ្លះអាចនឹងកើតឡើង ដូច្នេះសូមមានចិត្តអត់ធ្មត់ រក្សាភាពស្ងៀមស្ងាត់។ ការតបតក្នុងពេលនេះនាំឲ្យលោកអ្នកប្រទះនឹងស្ថានភាពកាន់តែតានតឹង។ ចំពោះការធ្វើដំណើរទៅមកជិតឆ្ងាយ គួរធ្វើដំណើរមានគ្នា។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណោយផលក្នុងការប្រកបការងារ និងអាជីវកម្មឲ្យបានជោគជ័យ។ មនុស្សនៅក្បែរខ្លួនស្រលាញ់រាប់អាន និងជួយយកអាសារណាស់។