ចិនទាមទារមិនឱ្យឥណ្ឌូនេស៊ីខួងយកប្រេងនៅតំបន់សមុទ្រចិនខាងត្បូង
ចិនទាមទារឱ្យឥណ្ឌូនេស៊ីបញ្ឈប់ក្នុងការខួងយកប្រេង និងឧស្ម័ននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ដែនទឹកកំពុងស្ថិតក្នុងភាពចម្រូងចម្រាស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ជាក់ស្ដែងភាគីចិន និងឥណ្ឌូនេស៊ីបានប្រឈមមុខដាក់គ្នានៅកន្លែងខួងយកប្រេង និងឧស្ម័ននៅប្លុក Tuna នៃសមុទ្រណាទូណា កាលពីចុងខែមិថុនា រហូតដល់ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមរូបភាពពីផ្កាយរណបរបស់អង្គភាពគំនិតផ្ដួចផ្ដើមតម្លាភាពផ្លូវសមុទ្រអាស៊ី (AMTI) និងជាផ្នែកមួយនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS)។
យ៉ាងណាមិញ ប្រភពចំនួន ៤ បានទម្លាយប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកការទូតចិនផ្ញើលិខិតផ្លូវការទៅកាន់ក្រសួងការបរទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការតវ៉ាឱ្យឥណ្ឌូនេស៊ីបញ្ឈប់ខួងប្រេងជាបន្ទាន់។
លោក Muhammad Farhan សមាជិកសភាឥណ្ឌូនេស៊ី និងជាសមាជិកគណៈកម្មការសន្តិសុខជាតិរបស់សភា បានប្រាប់រ៉យទ័រថា៖ «ការឆ្លើយតបរបស់យើងមានភាពម៉ឺងម៉ាត់ ដោយយើងនឹងមិនបញ្ឈប់ការខួងប្រេងនេះទេ ដោយសារតែនេះជាសិទ្ធិអធិបតេយ្យរបស់យើង»។
ភាគីពាក់ព័ន្ធនានាដូចជាក្រសួងការបរទេសឥណ្ឌូនេស៊ី ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងការបរទេសចិន និងស្ថានទូតចិននៅរដ្ឋធានីហ្សាការតាមិនទាន់បញ្ជាក់ពីដំណឹងនេះឡើយ។
ឥណ្ឌូនេស៊ីបានទាមទារយកផ្នែកចុងបំផុតនៃសមុទ្រចិនខាងត្បូង ក្រោមក្របខ័ណ្ឌតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) នៃច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ ខាងឥណ្ឌូនេស៊ីដូរឈ្មោះសមុទ្រនេះ ទៅកាន់សមុទ្រណាទូណាខាងជើងកាលពីឆ្នាំ២០១៧៕

ប្រភព៖ The Straitstimes