ថៃកំពុងខ្វះកម្លាំងពលកម្ម ខណៈពេលពលករមីយ៉ាន់ម៉ាប្រថុយជីវិតមកធ្វើការ
ថៃចាប់ផ្ដើមបើកប្រទេសបណ្ដើរៗវិញហើយ ខណៈពេលដែលស្ថានភាពកូវីដ-១៩ នៅព្រះរាជាណាចក្រក្នុងអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ធៀបនឹងប្រទេសជិតខាង តែចំនួនអ្នកចាក់វ៉ាក់សាំងនៅថៃមានប្រមាណ ៥៨% ឯណោះ។
ព្រំដែននៃប្រទេសនេះចាប់ផ្ដើមបើកសម្រាប់វិស័យទេសចរណ៍ ហើយជាពិសេសនោះគឺ ថៃស្វាគមន៍ចំពោះការវិលត្រលប់នូវពលករបរទេសមកពីប្រទេសជិតខាងដែលរួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
កាលពីខែវិច្ឆិកាកន្លងទៅនេះ លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃបានលើកឡើងថា លោករំពឹងថា ពលករចំនួន ១០ម៉ឺននាក់នឹងត្រលប់មកធ្វើការនៅថៃវិញ ស្របពេលដែលថៃកំពុងតែខ្វះកម្លាំងពលកម្មចំនួន ៣០ម៉ឺននាក់។
បើតាមលោករដ្ឋមន្ត្រីខាងលើ ថៃបានបម្រុងទុកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន ៥០ម៉ឺនដូសសម្រាប់ពលករបរទេស។ ពលករដែលត្រលប់មកវិញ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ហើយត្រូវមានលទ្ធផលអវិជ្ជមានពេលធ្វើតេស្ត PCR ឬ តេស្តរហ័ស។
ជាមួយគ្នានេះដែរ លោកThanavath Phonvichai ប្រធាននៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានប្រាប់សារព័ត៌មាន Bloomberg ថា៖ «យើងខ្វះកម្លាំងពលកម្មបញ្ចៀសក្នុងការធ្វើការធ្ងន់ៗ និងពិបាកៗ ដូច្នេះហើយការងារទាំងនេះត្រូវបានបំពេញជំនួសវិញដោយពលករបរទេស»។
«នេះជារឿងចាំបាច់ណាស់ ក្នុងការនាំពលករមកវិញ។ បើមិនអញ្ចឹងទេ ផលិតកម្មទាំងនៅក្នុងការងារកសិកម្ម និងវិស័យផលិត នឹងមិនសម្រេចបានគោលដៅនោះទេ ហើយបញ្ហានេះអាចនឹងប៉ះពាល់ដល់ការស្ដារសេដ្ឋកិច្ច»។ នេះបើតាមការបន្ថែមរបស់លោក Thanavath។
ប្រទេសថៃមានពលករស្របច្បាប់សរុប ២,៣លាននាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ និងជាពេលអាជ្ញាធរថៃចាត់វិធានការលើពលករខុសច្បាប់ ស្របពេលដែលមានការផ្ទុះរាលដាលនៃជំងឺឆ្លង។ នេះបើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO)។
យ៉ាងណាមិញ ស្ថិតិនៃពលករមិនចុះបញ្ជីស្នាមច្បាស់លាស់មានច្រើនជាងនេះឆ្ងាយណាស់ បើយោងតាមការព្យាកររបស់អ្នកតាមដាននានា។ ជាក់ស្ដែង នៅក្នុងតែវិស័យកសិកម្ម មានពលករខុសច្បាប់ពីចំនួន ៧០ម៉ឺននាក់ ទៅកាន់ ១លាននាក់ឯណោះ។ នេះបើតាមការអះអាងរបស់លោក Tanat Sorat អនុប្រធានសហព័ន្ធនិយោជកថៃនៃពាណិជ្ជកម្ម និងឧស្សាហកម្ម។
សម្រាប់ពលករមីយ៉ាន់ម៉ាវិញ ស្ថានភាពហាក់បីដូចជាលំបាកជាងពលករមកពីប្រទេសផ្សេងទៀត ហើយរឿងរ៉ាវទាំងអស់គឺដោយសារតែព្រឹត្តិការណ៍រដ្ឋប្រហារខែកុម្ភៈកន្លងទៅ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនពុះពារចូលដីថៃទាំងកាត់ភ្នំ កាត់កំពង់ផែ ហើយជាពិសេសប្រឈមនឹងបញ្ហាសន្តិសុខ ក៏ដូចជាបញ្ហារឿងក្រដាសស្នាមក្នុងការធ្វើដំណើរ និងរឿងលិខិតឆ្លងដែននេះតែម្ដង។
ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារមក ស្ថានភាពមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃរដ្ឋធានីណៃពិដោ និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនានា ដែលជាពិសេសនៅក្បែរព្រំដែនថៃតែម្ដង។
យ៉ាងណាមិញ ដើម្បីតែក្រពះ ជនជាតិមីយ៉ាន់ម៉ាជាច្រើនសុខចិត្តប្រថុយជីវិតគេចចេញពីភាពកលិយុគក្នុងស្រុក ហើយប្រថុយនឹងការចាប់ខ្លួនរបស់អាជ្ញាធរថៃទៀតផង។
បើតាមលោក Sithu ដែលជាពលករមីយ៉ាន់ម៉ានៅថៃមួយរូបបានប្រាប់សារព័ត៌មាន Al Jazeera ថា ជនរួមជាតិរបស់លោក ដែលធ្វើការនៅស្រុកថៃត្រូវបានចាប់ខ្លួនជាញឹកញយនៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែធ្វើការក្រៅម៉ោង ដែលមិនមានច្បាប់អនុញ្ញាត។ យ៉ាងណាមិញ ក្រោយមកខាងថៅកែថៃបង់ពិន័យឱ្យប៉ូលិសថៃ ដើម្បីរំលោះយកពលករមកវិញ។
«ថៅកែថៃនឹងយកគ្រប់គ្នាមកធ្វើការនៅពេលនេះ មិនថាស្របច្បាប់ ឬ ខុសច្បាប់ទេ។ ពួកគេអត់មានបុគ្គលិកធ្វើការទេ ហើយពួកគេគ្មានជម្រើសអ្វីនោះទេ»។ នេះបើតាមការបន្ថែមរបស់លោក Sithu។
ទូរទស្សន៍ថៃបានបញ្ចាំងពីសកម្មភាពប៉ូលិសថៃក្នុងការចាប់ខ្លួនពលករមីយ៉ាន់ម៉ាខុសច្បាប់ជាច្រើននាក់។ ស្រដៀងគ្នានឹងការលើកឡើងរបស់លោក Sithu ដែរ តំណាងនៃក្រុមតស៊ូមតិដើម្បីការពារសិទ្ធិពលករបានអះអាងថា ពលករមីយ៉ាន់ម៉ារាប់ពាន់នាក់នៅតែបានចូលធ្វើការដដែល។ នេះក៏ដោយសារតែពលករមីយ៉ាន់ម៉ាគិតថា ពួកគេនឹងមិនដាច់ពោះទេ ទោះជាបានការងារមិនល្អក៏ដោយនៅស្រុកថៃ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ក្នុងរយៈចុងក្រោយនេះ តម្រូវការពលករមីយ៉ាន់ម៉ាមានការកើនឡើងចំណោមនិយោជកថៃ។ នៅតាមជញ្ជាំងអគារនានា ខិត្តប័ណ្ណផ្សព្វផ្សាយការងារត្រូវបានរុះចោលដោយអាជ្ញាធរថៃ តែបើតាមបណ្ដាញសង្គមហ្វេសប៊ុកវិញ មានការបង្ហោះជាច្រើន ដែលប្រកូកប្រកាសត្រូវការមនុស្សមកធ្វើការ។
នៅក្នុងគ្រុបហ្វេសប៊ុកនៃសហគមន៍ជនជាតិមីយ៉ាន់ម៉ា មានការបង្ហោះមួយចំនួនដូចជា «ត្រូវការបុរសមីយ៉ាន់ម៉ាក្នុងចំនួនដ៏ធំ ដើម្បីមកធ្វើការនៅរោងចក្រ។ ឱ្យតែមានលិខិតឆ្លងដែនគឺ គ្រប់គ្រាន់ហើយ»។ ការបង្ហោះមួយផ្សេងទៀតបានឱ្យដឹងថា «ប្រសិនបើមិនមានក្រដាសស្នាមទេ គេក៏ទទួលយកលោកអ្នកមកធ្វើការបានដូចគ្នា»។
Al Jazeera បានចុះផ្សាយថា ក្រុមហ៊ុនថៃមួយចំនួនឱ្យកម្រៃជើងសារដល់មេខ្យល់ប្រមាណ ១០០ដុល្លារអាមេរិក សម្រាប់កម្មករសំណង់ម្នាក់ ហើយបង់ថ្លៃ ១៥ ទៅ ២០ដុល្លារ សម្រាប់កម្មកររោងចក្រ ដើម្បីឱ្យមេខ្យល់នាំពលករចូលក្នុងស្រុកថៃ។
មេខ្យល់មីយ៉ាន់ម៉ាម្នាក់ ដែលមានមូលដ្ឋាននៅកំពង់នេសាទខេត្តសមុទ្រសាគរ ដែលជាខេត្តនៅក្បែររាជធានីបាងកក បាននិយាយថា ពលករមីយ៉ាន់ម៉ាដែលបានចាប់ខ្លួននោះ នឹងមិនបញ្ជូនទៅស្រុកវិញទេ តែថៅកែត្រូវបង់ថ្លៃក្រោមតុ ដើម្បីលោះយកពលករទាំងនោះ។
«ខ្ញុំត្រូវបានគេហៅរាល់ថ្ងៃ ខាងកន្លែងធ្វើសំណង់ គេត្រូវការកម្មករ ៣០០ ទៅ ៥០០នាក់ ហើយពួកគេនឹងទទួលយកអ្នកគ្មានក្រដាសស្នាមដូចគ្នា ពួកគេគ្មានជម្រើសទេ»។ នេះបើតាមការអះអាងរបស់មេខ្យល់រូបនោះប្រាប់សារព័ត៌មាន Al Jazeera៕

ប្រភព៖ Aljazeera