អង្គការសហប្រជាជាតិមិនទាន់ឱ្យក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំខ្លួន
កាលពីថ្ងៃពុធនេះ គណៈកម្មាធិការអង្គការសហប្រជាជាតិមួយបានពន្យារការសម្រេចមួយថានរណាជាអ្នកតំណាងប្រទេសអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ ដូច្នេះមានន័យថាក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ានៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចការអង្គការសហប្រជាជាតិនៅឡើយទេ។
ក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ា កំពុងប្រជែងជាមួយនឹងរដ្ឋាភិបាលដែលពួកគេទម្លាក់ពីអំណាចនៅឆ្នាំនេះ ដើម្បីទាមទារអាសនៈនៅអង្គការសហប្រជាជាតិ។ ការទទួលយកដោយអង្គការសហប្រជាជាតិគឺជាជំហានដ៏សំខាន់សម្រាប់តាលីបង់ និងយោធាមីយ៉ាន់ម៉ា ក្នុងការទទួលការទទួលស្គាល់ដោយសមាគមអន្តរជាតិ។
កាលពីថ្ងៃពុធ គណៈកម្មាធិការទទួលសាររបស់អង្គការសហប្រជាជាតិ សមាជិកចំនួន ៩ រួមមានអាមេរិក រុស្សី និងចិន បានធ្វើកិច្ចប្រជុំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ដើម្បីពិនិត្យសារឯកអគ្គរដ្ឋទូតនៃសមាជិកទាំង ១៩៣ ប្រទេសក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
អ្នកការទូតជាច្រើនបាននិយាយថាការពន្យារពេលការសម្រេចចិត្តលើប្រទេសទាំងពីរនេះ មានន័យថាឯកអគ្គរដ្ឋទូតរដ្ឋាភិបាលធ្លាក់ពីអំណាចត្រូវបានអនុញ្ញាតឱ្យបន្តអង្គុយក្នុងអាសនៈរបស់ប្រទេសពួកគេ។ ប៉ុន្តែប្រទេសស៊ុយអែត ដែលជាប្រធាននៃគណៈកម្មាធិការសារតាំង បានបដិសេធធ្វើការអត្ថាធិប្បាយថាឯកអគ្គរដ្ឋទូតណានឹងអង្គុយនៅអាសនៈប្រទេសទាំងពីរនេះ។
យ៉ាងណាមិញគណៈកម្មាធិការសារតាំងនឹងបញ្ជូនរបាយការណ៍របស់ពួកគេទៅឱ្យមហាសន្និបាតដើម្បីធ្វើការអនុម័តមុនដំណាច់ឆ្នាំនេះ។ ជាធម្មតាគណៈកម្មាធិការសារតាំង និងមហាសន្និបាតធ្វើការមហាសន្និបាតធ្វើការអនុម័តបែបនេះ តាមរយៈការមូលមតិគ្នា ពោលគឺសមាជិកទាំងអស់ត្រូវតែយល់ព្រម៕

ប្រភព៖ Reuters