ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខាលើកញ្ចប់ថវិកាបង្កើតកងទ័ពអវកាសជាផ្លូវការ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ២០២០ ក្រោមច្បាប់ស្ដីពីវិស័យការពារជាតិ NDAA ដែលមានទំហំលើសលប់ដល់ទៅ៧៣៨ពាន់លានដុល្លារ ដើម្បីបង្កើតកងទ័ពអវកាសសម្រាប់ការប្រយុទ្ធនៅទីអវកាស ។
កងទ័ពអវកាសគឺជាកងអង្គភាពយោធាអាមេរិកទី០៦ បន្ទាប់ពីកងទ័ពជើងគោក កងនាវា កងទ័ពអាកាស កងម៉ារីន និងកងឆ្មាំសមុទ្រ ហើយកងទ័ពដ៏ថ្មីសន្លាងមួយនេះនឹងមានសមាជិក១ម៉ឺន៦ពាន់នាក់មកពីកងទ័ពអាកាស និង បុគ្គលិកយោ ធាស៊ីវិល ។
កងទ័ពអវកាសនឹងត្រូវធ្វើប្រតិបត្តិការក្រោមកងទ័ពអាកាសអាមេរិក ហើយទីបញ្ជាការកងទ័ពអវកាសនឹងផ្ដោតជាសំខាន់លើសង្រ្គាមប្រយុទ្ធ ដូចទីបញ្ជាការអាមេរិកមួយចំនួនដូចជា CentCom ជាដើម ។ កងទ័ពនៃអង្គភាពថ្មីមួយនេះទៀតសោត នឹងដឹកនាំបេសកកម្មក្នុងនោះរួមមានការបណ្ដុះបណ្ដាល ការផ្ដល់ជំនួយ ការរៀបចំផែនការរយៈពេលវែង និងបំពេញមុខងារជាច្រើនទៀត ៕






