លោក ស៊ី ជិនពីង ថ្លែងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទំាងពីរ និងពិភពលោក
ចិន៖ កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំណាក់កាលទី១រវាងចិន និងសហរដ្ឋអាមេរិកដែលទើបសម្រចកាលពីសប្តាហ៍មុននេះ នឹងនំាមកនូវអត្ថប្រយោជន៍ដល់ភាគីទំាងពីរ និងពិភពលោកទំាងមូល នេះបើតាមប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រម្សិលមិញ ។
ជាមួយគ្នានេះ លោក ស៊ី ជិនពីង បានលើកឡើងអំពីការព្រួយបារម្ភរបស់ចិន ជុំវិញសេចក្តីថ្លែងការណ៍នានាកន្លងមករបស់អាមេរិក ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ទីក្រុងហុងកុង និងតំបន់ស៊ីនជាំង ដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តលូកលាន់កិច្ចការផ្ទៃក្នុងចិនកាន់តែច្រើនឡើងៗ ។ ជុំវិញបញ្ហានេះ លោក ស៊ី បានសម្តែងនូវការជឿជាក់ថា អាមេរិកនឹងស្វែងយល់អំពីការព្រួយបារម្ភនានារបស់ចិន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត ។
ដោយឡែក តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បាននិយាយថា លោក និងលោក ស៊ី បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទដ៏ល្អខ្លាំងណាស់ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ។ កិច្ចសន្ទនានេះបានកើនឡើង បន្ទាប់ពីប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ (រង់ចាំតែថ្ងៃចុះហត្ថលេខា) ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម១៧ខែមកនេះ ៕




