ពលរដ្ឋអាមេរិកប្រមាណ៤២ភាគរយគំាទ្រការទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ ពលរដ្ឋអាមេរិកប្រមាណ៤២ភាគរយយល់ស្របថា លោក ដូណាល់ ត្រាំ គួរតែត្រូវបានដកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នេះបើតាមការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុនស្រាវ ជ្រាវទីផ្សារ អាយភីសូស (Ipsos) ។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងក្រុមហ៊ុន អាយភីសូស ធ្វើឡើងនៅលើបណ្ដាញអ៊ីនធើណិតជាភាសាអង់គ្លេសនៅទូទាំងសហរដ្ឋអាមេរិក ជាមួយការសាកសួរ និងទទួលចម្លើយពីមនុស្ស១,១០៨នាក់ ចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០១៩នេះ ។
សូមបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបើកសវនាការជជែកដេញដោលទៅតាមនីតិវិធីចោទប្រកាន់ដើម្បីដកតំណែងលោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ហើយព្រឹទ្ធសភាគឺជាអ្នកសម្រេចចុងក្រោយថា តើត្រូវបណ្ដេញលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ឬក៏យ៉ាងណា ៕

