រដ្ឋបាលរាជធានីប្រកាសការបញ្ចៀសចរាចរតាមផ្លូវដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋានមុខវត្តបុទុមវត្តី (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើដងវិថីមួយចំនួនក្នុងរាជធានី ភ្នំពេញនាវេលាថ្ងៃស្អែកទី៨ធ្នូដែលនឹងមានព្រះរាជពិធីដង្ហែនិងបូជាព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ។ ព្រះសពរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងធ្វើព្រះរាជពិធីបូជានៅមុខវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ កណ្តាលរាជធានី។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០៧ ធ្នូ នេះ បានសរសេរថា ដើម្បីឲ្យកម្មវិធី ប្រព្រឹត្តទៅ ដោយរលូន និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរណ៍, រដ្ឋបាលរាជធានីនឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្នគ្រប់យានយន្តគ្រប់ ប្រភេទដែលឆ្លងកាត់ចាប់ពីមុខព្រះរាជដំណាត់ តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះ នរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឺក មហាវិថីសម្តេចសុធារស ។
ការបញ្ចៀសចរាចណនឹងចាប់ផ្តើមចាប់ពីម៉ោង៥ព្រឹក រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់សព្វគ្រប់ ទើប អនុញ្ញាតឲ្យធ្វើចរចរតាមផ្លូវមួយចំនួនទាំងនោះឡើងវិញ ៕