ទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងត្រូវនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សម្នាក់និងសម្ភារៈមួយចំនួន
ភ្នំពេញ៖ ទីតាំងលួចលាក់លេងល្បែងជល់មាន់ និងអាប៉ោង មួយកន្លែងត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ឆ្មក់បង្ក្រាប ឃាត់ខ្លួនមនុស្សម្នាក់នឹងសម្ភារមួយចំនួនចំណែកអ្នកផ្សេងទៀតរត់បាតជើងសព្រាត។ករណីសមត្ថកិច្ចចុះបង្ក្រាបនេះធ្វើឡើងកាលពី ម៉ោង ០១ និង ២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ នៅ ត្រង់ចំណុចដីឡូត៍ មួយកន្លែងក្បែផ្លូវលេខ ១០០៥ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នេញថី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួល ព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំង ខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង ភ្លាមៗកម្លាំងនគរបាល បានចុះមក ដល់តែក្រុមអ្នកញៀនល្បែងទាំងនោះបាន ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣ គ្រឿង ធុងទឹកកកមួយមាន់ ជល់ប្រហែល៣ ក្បល ចាន់អាប៉ោងមួយ និងសម្ភារពាក់ព័ន្ធមួយចំនួន ទៀត។

ក្រោយការបង្ក្រាបបុរសដែលឃាត់ខ្លួនរួម ទាំងវត្ថតាង ត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅ ធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿងចាត់ ការបន្តតាមនីតិវិធី៕ធ.ដ
