Sumsung វិនិយោគជិត១៨ពាន់លានដុល្លារ នៅវៀតណាម
ក្រុមហ៊ុន Sumsung បានវិនិយោគ១៧.៧៤ពាន់លានដុល្លារអាមេរិក នៅប្រទេសវៀតណាម ក្នុងពេល២៤ឆ្នាំចុងក្រោយមកនេះ ក្នុងនោះ ៥ឆ្នាំចុងក្រោយនេះ មានប្រមាណ២៩ភាគរយនៃតម្លៃសរុបនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress។
នាយកប្រតិបត្តិក្រុមហ៊ុន Sumsung ប្រចាំប្រទេសវៀតណាម Choi Joo Ho បានប្រាប់ឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai ក្នុងជំនួប នៅហូជីមិញ ថ្មីៗនេះថា ជាមួយនឹងរោងចក្រស្រាវជ្រាវនិងផលិត នៅវៀតណាម ក្រុមហ៊ុនអេឡិត្រូនិកដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះរកចំណូល ក្នុងពេល១០ខែ នៃឆ្នាំ២០២១ កើនឡើង ១៥ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន បើទោះបីជាខិតខំទប់ទល់ស្ថានភាពរោងចក្រ និងប្រភពគ្រឿងបន្លាស់ ក្នុងបរិបទកូវីដ១៩ក៏ដោយ។
លោកបន្ថែមទៀតថា ការនាំចេញគឺជិត៨៩ភាគរយនៃចំណូល។ ក្រុមហ៊ុនកំពុងស្ថាបនាមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវ តម្លៃ២២០លានដុល្លារអាមេរិកនៅក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលកម្រិតធំដំបូងនៅក្រៅប្រទេស៕