លោក សួន សេរីរដ្ឋា៖ ពេលបញ្ហាមីយ៉ាន់ម៉ាដោះស្រាយបានចប់សព្វគ្រប់ ពេលនោះគេនឹងនឹកឃើញពីគុណសម្បត្តិនិងការលះបង់របស់កម្ពុជា
ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកវិភាគបានមានប្រសាសន៍ប្រាប់ AMS កាលពីថ្ងៃទី៨ ធ្នូថា ប្រជាពលរដ្ឋនៃប្រជាជាតិប្រទេសនីមួយៗ មិនដូចគ្នាទាំងអស់១០០ភាគរយទេ។ វាប្រៀបដូចជានៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុក គឺរមែងមានក្រុមអគតិដែលគិតអវិជ្ជមាន គិតអំពីរឿងអាក្រក់ដែលវាមិនគួរកើតឡើង ហើយបន្តុះបង្អាប់និងរិះគន់រាជរដ្ឋាភិបាលរបស់យើងទៅលើផ្លូវអាក្រក់ដូចគ្នា។
ដោយប្រៀបធៀបចំណុចនេះទៅប្រទេសមីយ៉ាន់ម៉ានោះ លោក សួន សេរីរដ្ឋា បានពន្យល់ថា ដូច្នេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រជាពលរដ្ឋរាប់លាននាក់ដែលរស់នៅក្នុងរដ្ឋនីមួយៗ ហើយមានជនជាតិខុសៗគ្នាជាច្រើននៅក្នុងទឹកដីមីយ៉ាន់ម៉ាក៏មានប្រជាពលរដ្ឋមិនពេញចិត្តរបបមីយ៉ាន់ម៉ា និងមាននិន្នាការបរទេសនិយមមួយដែលដេកសង្ឃឹមថា មានតែមហាអំណាចបរទេសដែលអាចជួយពួកគេបាន។
 - លោក សួន សេរីរដ្ឋា 
លោកបន្តថា អ្វីដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនតូចបានបញ្ចេញមតិនៅលើបណ្ដាញសង្គមក្នុងអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជា បានអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមកទស្សនកិច្ចនៅកម្ពុជានោះ គឺជារឿងធម្មតា។ លោកបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈអនាគតជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខននេះ បានដាក់ចេញនូវបេសកកម្មមួយថា លោកនឹងទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ហើយវាអាចជាច្រកមួយនៃការជួយសម្របសម្រួលដោះស្រាយវិបត្តិផ្ទៃក្នុង និងកិច្ចការទំនាស់នយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចំណុចនេះ គឺជាបំណងល្អរបស់កម្ពុជា គឺជាសុឆន្ទៈរបស់សម្តេចតេជោក្នុងឋានៈជាប្រធានអាស៊ានក្តី ឬក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ដែលមានសុទិដ្ឋិនិយមថា អាស៊ានត្រូវតែដោះស្រាយបញ្ហាផ្ទៃក្នុងរបស់អាស៊ាន។ អាស៊ាន១០ប្រទេស ត្រូវតែកុងសង់ស៊ីសមិនអាចបាត់ប្រទេសណាមួយ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុកន្លងមកនេះ។
លោកបន្ថែមថា ចំពោះបញ្ហានេះ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅលើទឹកដីមីយ៉ាន់ម៉ាក្តីឬរស់នៅក្រៅប្រទេសនេះក្តីដែលពួកគាត់ គិតអគតិចំពោះសមានចិត្ត និងទឹកចិត្តរបស់កម្ពុជាក្នុងការជួយប្រជាពលរដ្ឋមីយ៉ាន់ម៉ា និងក្រុមជម្លោះនយោបាយមីយ៉ាន់ម៉ាដើម្បីវិលត្រឡប់ អង្គុយលើតុចរចាស្វែងរកដំណោះស្រាយសម្រាប់សន្តិភាព សម្រាប់ការបោះឆ្នោត និងកសាងលទ្ធិប្រជាធិបតេយ្យឡើងវិញនៅមីយ៉ាន់ម៉ានោះ គឺគាត់មានចំណុចគិតអគតិត្រង់ថាអ្វីដែលសម្តេចតេជោបានធ្វើវាផ្ទុយខុសអំពីអ្វីដែលប្រទេសសម្ព័ន្ធមិត្ត និងអតីតប្រទេសអាស៊ានមួយចំនួនបានធ្វើកន្លងទៅ។ ពីព្រោះអតីតប្រទេសអាស៊ានមួយចំនួននិងប្រទេសសម្ព័ន្ធមិត្តអាស៊ានគេបានយកទណ្ឌកម្មនិយមដែលសហការគ្នាជាប្រព័ន្ធដាក់ទោស ដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា រឹតតែធ្វើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្នក្លាយទៅជារដ្ឋាភិបាលឯកា ហើយរសាត់ឆ្ងាយពីឆាកនយោបាយអន្តរជាតិ។ រសាត់ឆ្ងាយចេញពីតុចរចាដើម្បីស្វែងរកការបញ្ចប់ជម្លោះសង្គ្រាមប្រដាប់អាវុធក៏ដូចជាបញ្ចប់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។
លោក សួន សេរីរដ្ឋា បានបង្ហាញនូវជំនឿ និងការជឿជាក់ថា កិច្ចការរបស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានត្រៀមលក្ខណៈដើម្បីចូលខ្លួនទៅជួយស្ថានភាពប្រទេសមីយ៉ាន់ម៉ាពេលនេះ វាគឺជាទឹកចិត្តរបស់កម្ពុជា។ គឺជាជំហររបស់មេដឹកនាំកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានដែលយករដ្ឋធម្មនុញ្ញអាស៊ានជាធំ។ លោកមានជំនឿថា តាមបទពិសោធន៍នៃការចរចារបស់សម្តេចតេជោ ហ៊ុន សែន ពេញមួយជីវិត ថាមពលនៃការសម្របសម្រួលនយោបាយរបស់សម្តេចតេជោដែលបានកសាងសន្តិភាពនៅកម្ពុជាហើយដែលបានបញ្ចប់ជម្លោះនយោបាយនៅកម្ពុជាដោយជោគជ័យ និងកសាងសន្តិភាពនៅកម្ពុជាមកដល់ថ្ងៃនេះ សម្តេចតេជោប្រាកដជាយកបទពិសោធន៍ថាមពល និងកិច្ចការទាំងអស់នេះទៅជួយជំរុញឱ្យក្រុមភាគីជម្លោះនយោបាយមីយ៉ាន់ម៉ាអាចនឹងមកអង្គុយលើតុចរចាជាមួយគ្នាដើម្បីស្វែងរកផលប្រយោជន៍រួមសម្រាប់មីយ៉ាន់ម៉ា។ ជាពិសេសគឺផ្តល់ក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋមីយ៉ានម៉ាគ្រប់ជនជាតិទាំងអស់ដែលរស់នៅក្នុងទឹកដីនៃរដ្ឋទាំងប្រាំបីនៅមីយ៉ាន់ម៉ា។ ប៉ុន្តែចំពោះការលើកឡើងរបស់ក្រុមជនជាតិមីយ៉ាន់មួយក្រុមតូចដែលរិះគន់ និងខឹងសម្បារ និងចេតនាល្អ បំណងល្អរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រទេសមីយ៉ាន់ម៉ាវាជារឿងធម្មតាទេ។ ដូចបានលើកឡើងពីខាងដើម គឺថាប្រទេសរបស់យើងក៏មានប្រជាពលរដ្ឋយើងមិនពេញចិត្តនឹងរាជរដ្ឋាភិបាលយើង ហើយប្រទេសរបស់គេក៏មានប្រជាពលរដ្ឋគេមិនពេញចិត្តរដ្ឋាភិបាលរបស់គេ។ នៅពេលដែលយើងបោះដៃចូលទៅយើងមិនទាន់បានបង្ហាញជាជំហរនូវអ្វីដែលជាសុឆន្ទៈ និងចិត្តមេត្តាធម៌ករុណារបស់យើងដើម្បីជួយគេ គេប្រាកដជាយល់ច្រឡំ។ ប៉ុន្តែសង្ឃឹមថា ពេលដែលបញ្ហាមីយ៉ាន់ម៉ាបានបញ្ចប់ពេលដែលដំណោះស្រាយមីយ៉ានម៉ាដោះស្រាយបានសព្វគ្រប់ មីយ៉ាន់ម៉ាវិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យមានការបោះឆ្នោតឡើងវិញ ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ាក្លាយទៅជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលបំពេញតួនាទីកាតព្វជាសមាជិកអាស៊ានពេញលក្ខណៈឡើងវិញ ពេលនោះអ្នករិះគន់នឹងភ្ញាក់រលឹក ហើយនឹកឃើញអំពីគុណសម្បត្តិ និងការលះបង់របស់កម្ពុជាដើម្បីជួយសម្របសម្រួលឱ្យប្រទេសរបស់គាត់មានសន្តិភាពមានការបោះឆ្នោត និងមានរដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញ៕
ដោយ:ពលជ័យ