លោក ចូ បៃដិន ព្រមានពីការគំរាមកំហែងនៃលទ្ធិប្រជាធិបតេយ្យ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដឹកនាំមេដឹកនាំពិភពលោកជាង ១០០នាក់មកជួបជុំគ្នាក្នុងជំនួបតាមប្រព័ន្ធអ៊ីនធើណិត នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សម្រាប់កិច្ចប្រជុំកំពូលដំបូងរបស់លោក ដើម្បីលទ្ធិប្រជាធិបតេយ្យ។

លោក បៃដិន បាននិងកំពុងព្យាយាមប្រមូលផ្តុំមេដឹកនាំពិភពលោកប្រឆាំងនឹងអ្វីដែលលោកហៅថា កងកម្លាំងនៃអំពើពុករលួយ និងផ្តាច់ការ ក៏ដូចជាការលើកកម្ពស់សិទ្ធិមនុស្ស។ លោក បៃដិន បាន​និយាយ​ថា ក្រុមមេដឹកនាំទាំងនេះបាន​ស្ថិត​នៅ​ចំណុច​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយលោកបាន​អំពាវនាវ​ឲ្យ​ពួកគេ​ក្រោកឈរ​ឡើង​ចំពោះ​តម្លៃ​ដែល​បង្រួបបង្រួម​ពួកគេ ដូចជា​យុត្តិធម៌ និង​នីតិរដ្ឋ។ ក្រុមមេដឹកនាំបានពិភាក្សាអំពីផលប៉ះពាល់ដែលជំងឺរាតត្បាតមានលើលទ្ធិប្រជាធិបតេយ្យ។ ពួកគេបានលើកឡើងពីគ្រោះថ្នាក់នៃព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩ ដែលរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពួកគេនិយាយថា មេដឹកនាំផ្តាច់ការកំពុងទាញយកផលប្រយោជន៍ លុបចោលការបោះឆ្នោត និងកំណត់សេរីភាពរបស់មនុស្សក្នុងការប្រមូលផ្តុំ។

មន្ត្រីនៅក្នុងរដ្ឋបាលលោក បៃដិន មិនបានអញ្ជើញមេដឹកនាំមកពីប្រទេសចិន ឬរុស្ស៊ីអោយចូលរួមនោះទេ។ ជុំវិញបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតមកពីប្រទេសទាំងនោះបានរិះគន់កិច្ចប្រជុំកំពូលនេះ ដោយពួកគេបាននិយាយថា វានឹងបង្កើត “បន្ទាត់បែងចែក”ថ្មី។ កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលធ្វើឡើងដោយតំណភ្ជាប់វីដេអូ ដោយសារតែការរាតត្បាតនៃមេរោគឆ្លងខាងលើនេះ ត្រូវបានរៀបចំឡើងដោយសេតវិមាន ដោយប្រើភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការតស៊ូនឹងបញ្ហាអត្ថិភាពរវាងលទ្ធិប្រជាធិបតេយ្យ និងអំណាចផ្តាច់ការ ឬរបបផ្តាច់ការ៕ ប្រភព៖ NHK និង CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner