ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទ្រីយ៉ាត្លុងថ្ងៃដំបូងក្លិបក្រសួងមហាផ្ទៃដណ្តើមបានចំណាត់លេខ១ទាំងបុរសនិងនារីលើវិញ្ញាប្រកួតឌូអាត្លុង
ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដែលរៀបចំនៅខេត្ត កែប បានដំណើរការប្រកួតហើយ ដោយថ្ងៃទី១០ធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃបើកឆាក គឺប្រកួតលើប្រភេទកីឡាឌូអាត្លុងវិញ្ញាសាបុរសនិងនារី។
លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានបញ្ជាក់ថា ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទ្រីអាត្លុង ឆ្នាំ២០២១នេះ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១០ដល់ថ្ងៃទី១២ ខែ ធ្នូ ដោយធ្វើការប្រកួតលើ៣វិញ្ញាសាដូចជាឌូអាត្លុង អាគ័រត្លុង និងទ្រីអាត្លុង។ លោក បញ្ជាក់ថា សម្រាប់ថ្ងៃបើកឆាកថ្ងៃទី១០ខែ ធ្នូនេះ សហព័ន្ធបានរៀបចំប្រកួតវិញ្ញសាឌូអាត្លុង លើវិញ្ញាសាបុរសនិងនារី មានដូចជា រត់៥គីឡូម៉ែត្រ ជិះកង់២០គីឡូ និងរត់២គីឡូម៉ែត្រកន្លះ ។
អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា សម្រាប់ការប្រកួតថ្ងៃដំបូងលើវិញ្ញាសាឌូអាត្លុងត្លុងនេះ មានកីឡាករកីឡាការិនីចូលរួមចំនួន២៥នាក់ ក្នុងនោះកីឡាការិនី៧នាក់់។ លោក អះអាងថា សម្រាប់ការប្រកួតនេះ គឺដំណើរទៅដោយរលូន រីឯ កីឡាករកីឡាការិនីដែលចូលរួមវិញ គឺបច្ចេកទេសរីកចំរើនល្អជាងមុនៗ ដោយសារតែកីឡាករកីឡាការិនីបានមកបោះជំរុំហ្វឹកហាត់នៅខេត្តកែបអស់ពេល១សប្តាហ៍ទៅហើយ ពោលគឺបានបន្សាំបរិស្ថាន បរិយ៉ាកាសកន្លែងប្រកួត។
ឆ្លងកាត់ការប្រកួតពេញមួយព្រឹកលទ្ធផលវិញ្ញាសាDuathlon បុរសលេខ១ កាំង ធឿន ក្លឹបក្រសួងមហាផ្ទៃលេខ២ នាង ពេជ្រពិសិដ្ឋ ក្រសួងមហាផ្ទៃ លេខ៣ ថៃ ធុច ក្លឹបក្រសួងការពារជាតិ។ដោយឡែកផ្នែកនារី Duathlon នារី លេខ១ អ៊ួន ច័ន្ទភត្រា ក្លឹបក្រសូងមហាផ្ទៃ
លេខ២ ថន សុម៉ាវត្តី ក្រសួងមហាផ្ទៃ លេខ៣ ហ៊ោ ធីតា ការពារជាតិ៕ អត្ថបទ៖ ជាវ ចន្ធូ