ហោរាសាស្រ្តប្រចាំថ្ងៃ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកអាចមានលទ្ធភាពបណ្តាក់ទុន ឬកែប្រែស្ថានភាពការងារទៅតាមបំណងប្រាថ្នា។ ដោយឡែក នៅរវាងពេលព្រឹក ប្រហែលជាអ្នកអាចជួបបញ្ហាប្រទាក់ក្រឡា ឬស្មុគ្រសា្មញតិចតួច ដូច្នេះសូមលោកអ្នកអត់ធ្មត់។ ប្រសិនបើអ្នកអាចបញ្ចៀសស្ថានភាពរឹងស្ទះក្នុងរយៈពេលខ្លីនេះបាន គឺអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ និងដំណើរការការងារយ៉ាងរលូនត្រឡប់មកវិញ។ ក្រៅពីនេះ សូមកុំខ្ជះខ្ជាយពេលវេលាទៅធ្វើការងារដែលមិនទាក់ទងនឹងភារកិច្ចរបស់អ្នក។ ក្នុងនោះ ចូរលុបបំបាត់ការភ្ញាក់ផ្អើលទាំងឡាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបស់លោកអ្នកមានដំណើរការល្អ។ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការតាមបំណងប្រាថ្នាបាន ប៉ុន្តែក៏ប្រហែលជាទំហំការងារអាចធ្វើឲ្យមានភាពហត់នឿយជាងមុន។ អាស្រ័យហេតុនេះ សូមចំណាយពេលវេលាឲ្យបានត្រឹមត្រូវ។ កំណត់អាទិភាពការងារជាចាំបាច់។ ទន្ទឹមនឹងនេះ ចូរប្រយ័ត្នជម្លោះ ឬភាពអាក់អន់ចិត្តក្នុងរង្វង់មនុស្សរួមក្រុម។ លោកអ្នកគួរបង្ហាញភាពច្បាស់លាស់នៃបំណងប្រាថ្នារបស់អ្នក ធ្វើយ៉ាងណាកុំបង្កើតកំហុស។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតវិជ្ជមាន ដូច្នេះអ្នកនឹងមិនងាយជួបការលំបាកនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញក្តីស្រមៃ និងបំណងប្រាថ្នាទាំងឡាយ។ វាគ្មានហេតុផលណាមួយធ្វើឲ្យអ្នកព្រួយបារម្ភចំពោះហេតុការដែលនឹងអាចកើតឡើងនោះទេ ពីព្រោះលោកអ្នកទទួលបានភាពឆ្លាតវាងវៃ ​លទ្ធភាពក្នុងការសម្រប និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ក្នុងពេលនេះនឹងកាន់តែប្រសើរ ប្រសិនបើអ្នកជាបុគ្គលិករដ្ឋ ​និងឯកជន ពីព្រោះអំណោយផលទាក់ទងនឹងឯកសារ ឬបញ្ជីស្នាមនានាកំពុងមានភាពវិជ្ជមាន។ ក្នុងនោះរាល់ការផ្លាស់ប្តូរ ការបង្កើតការងារថ្មី ឬការដោះស្រាយបញ្ហានឹងហុចផ្លែផ្កាណាស់។ ប្រការដែលអ្នកគួរគិតគូរ និងជៀសវាងគឺការប្រើប្រាស់អារម្មណ៍ទៅលើការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកកំពុងជួបស្ថានភាពរីករាយច្រើន ជាជាងទទួលបានលុយកាក់។ លោកអ្នកអាចធ្វើឲ្យមនុស្សក្បែរខ្លួនអាណិតស្រលាញ់ និងគាំទ្រការងាររបស់អ្នកណាស់ ហេតុដូច្នេះស្ថានភាពការងាររបស់អ្នកគឺស្ថិតក្នុងកំរិតនៃការទទួលស្គាល់ខ្លួន។​ ប្រសិនបើលោកអ្នកមានបំណងផ្លាស់ប្តូរកន្លែងការងារ គឺអាចធ្វើទៅបានដោយបរិបូណ៍។ អ្នកអាចប្រើប្រាស់ពេលវេលានេះ ចាប់ផ្តើមពិភាក្សា ចរចា ប៉ុន្តែសូមច្បាស់លាស់ទៅពត៌មានសំខាន់ៗ។ ទន្ទឹមនឹងនោះ សូមលោកអ្នកជៀសវាងការជឿជាក់ដោយគ្មានមូលដ្ឋាន។ ដោយឡែក ការចេញដំណើរផ្លូវឆ្ងាយគួរមានគ្នា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់នូវថាមពលវិជ្ជមានក្នុងការវិនិយោគប្រាក់ប្រកបដោយជោគជ័យ។ បើទោះជាស្ថានភាពដែលធ្លាប់តានតឹង ឬដៃគូជំនួញដែលលំបាកយ៉ាងណាក្តី ក៏លោកអ្នកនៅតែអាចរកភាពចំណេញ​ និងចម្រើនលូតលាស់បានដែរ។ ទន្ទឹមនឹងនេះការបង្កើតទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺមានភាពចាំបាច់បំផុត ពីព្រោះលោកអ្នកកំពុងមានតម្រូវការលើផ្នែកពត៌មាន។ ថ្ងៃនេះក៏ជាពេលវេលាល្អប្រសើរសម្រាប់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យ។ ដោយឡែក សូមកុំព្យាយាមដោះស្រាយបញ្ហាដោយភាពប្រថុយប្រថាន សូមកុំភ្លេចថាលោកអ្នកមានសេរីភាពពេញលេញក្នុងការអនុវត្តការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអារម្មណ៍របស់អ្នកហាក់មិនសូវគ្រប់គ្រងបាន ដោយសារលោកអ្នកទទួលរងឥទ្ធិពលពីខាងក្រៅច្រើន។ ដើម្បីបញ្ចៀសបញ្ហានេះ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយឪពុកម្តាយ ហើយសុំមតិយោបល់។ សូមលោកអ្នកបន្តការដោយខ្លួនឯង ការពឹងពាក់​ឬផ្តល់ការងារទៅឲ្យអ្នកដទៃមិនអាចជួយសម្រួលបន្ទុករបស់អ្នកបានទេ។ ក្នុងនោះក៏សូមជឿជាក់លើខ្លួនឯង វាយតម្លៃការងារដោយភាពម៉ត់ចត់ និងប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ។ ផ្ទុយទៅវិញ ការខ្វះខ្ជាយពេលវេលអាចជះឥទ្ធិពលអាក្រក់ដល់លទ្ធផលការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានទឹកចិត្តល្អ បើកចំហរចំពោះការទំនាក់ទំនង។ លោកអ្នកអាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួនបាន ប៉ុន្តែក៏ត្រូវការការណែនាំពីមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនផងដែរ។ ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយការងារបច្ចុប្បន្នគឺលោកអ្នកអាចផ្លាស់ប្តូរបានដោយមិនជំទាស់នោះទេ។ ក្រៅពីនេះ​សូមលោកអ្នកកុំមានការព្រួយបារម្ភ ឬដាក់ខ្លួនឯងចំពោះការប្រថុយប្រថាន ពីព្រោះលោកអ្នកទទួលបានអំណោយផលនែការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍បានល្អ។ ចំណុចសំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត គឺសុខភាព ពីព្រោះសញ្ញាណនៃជំងឺកំពុងកើតឡើង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាខ្លាំង។ អ្នកអាចវាយតម្លៃស្ថានភាពមានត្រឹមត្រូវ ប្រសិនបើអ្នកស្តាប់អារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្នុងថ្ងៃនេះ លោកអ្នកបែរជាងាយរងគ្រោះ ចំពោះភាពអយុត្តិធម៌ ហេតុនេះ សូមកុំយកចិត្តទុកដាក់ចំពោះការរិះគន់ កុំឈ្លោះ ឬបង្កើតរឿងអាស្រូវ។ ដោយឡែក ថ្ងៃនេះជាពេលវេលាមង្គល ដូច្នេះលោកអ្នកអាចប្រារព្វពិធីមង្គលនានាបានល្អ លើសពីនេះមង្គលថ្ងៃនេះនឹងផ្តល់លាភយស​ និងសេចក្តីសុខពេញបរិបូណ៍។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពថ្ងៃនេះហាមប្រាមមិនឲ្យមានភាពរអាក់រអួលការងារឡើយ ដូច្នេះសូមជ្រើសរើសការងារសំខាន់មកអនុវត្តពីព្រលឹម។ ធ្វើយ៉ាងណាមិនគួរទុកឲ្យការងារកកកុញនៅលើតុរបស់អ្នកឡើយ។ ហើយការទទួលខុស ក៏ជាចំណុចសំខាន់។ លោកអ្នកកំពុងទទួលបានការកត់ចំណាំយ៉ាងវិជ្ជមាន ដូច្នេះចូរធ្វើយ៉ាងណាកុំបង្កើតកំហុស។ ក្នុងនោះ ​លោកអ្នកមិនចាំបាច់យកចិត្តយកថ្លើមមនុស្សណាមួយទេ ​សូម្បីតែថ្នាក់លើក្តី។ ការបំពេញភារកិច្ចការងារតែមួយមុខ គឺគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងភាពរីកច្រើនក្នុងពេលនេះ។ ក្រៅពីនេះ សូមលោកអ្នកពិនិត្យសង្កេតអំពីឪកាសល្អៗនៅទិសនិរតី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការជួបប្រាស្រ័យទាក់ទងនឹងមនុស្សម្នាច្រើននោះទេ។ ការឈ្លោះប្រកែកអាចកើតឡើងនៅក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមជៀសវាងឲ្យខានតែបាន។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែអាចជះឥទ្ធិពលធ្ងន់ដល់ការងារទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកគួររក្សាអ្វីៗឲ្យស្ថិតក្នុងទម្រង់ធម្មតា ការផ្លាស់ប្តូរបរិបទ និងស្ថានភាពការងារក្នុងពេលនេះ មិននាំមកភាពប្រាកដប្រជានោះទេ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្តពីព្រោះក្នុងអនាគតដ៏ខ្លីស្ថានភាពនេះនឹងប្រែប្រួលទៅជាល្អប្រសើរវិញ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអនុគ្រោះដល់រាល់សកម្មភាពការងារ។ លោកអ្នកអាចធ្វើការសម្រេចចិត្តលើការងារតូចធំ ការចូលរួមក្នុងសកម្មភាពអាជីពនានា បើទោះបីជាស្ថានភាពដែលធ្លាប់តានតឹងពីអតីតកាលក្តី។ ពាក្យសំដីរបស់អ្នកផ្តល់នូវភាពជឿជាក់ខ្លាំង គួរកុំចំណាយពេលបន្តទៀតឡើយ សូមចាប់ផ្តើមបំពេញការងារដែលលោកអ្នកបានគូសវាស។ ដោយឡែក សូមកាត់បន្ថយល្បឿននៃការងារ ឬធ្វើការថ្លឹងថ្លៃងរកភាពស្មើគ្នារវាងការងារ និងសេចក្តីសុខផ្ទាល់ខ្លួន។ សូមរកពេលសម្រាក និងកំសាន្តខ្លះទើបជាការល្អប្រសើរដល់សុខភាព និងអារម្មណ៍។ ក្រៅពីនេះលោកអ្នកទទួលបានវិចារណញាណភ្លឺថ្លាណាស់ ដូច្នេះមិនមានអ្វីគួរបារម្ភនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត ហើយសំណាងក៏អាចនឹងកើតឡើងក្នុងពេលវេលាស្របគ្នា។ លោកអ្នកអាចទទួលបានឪកាសច្រើន ជាពិសេសឪកាសដែលមាននៅខាងក្រៅ ហេតុដូច្នេះសូមមានភាពរួសរាន់ ធ្វើយ៉ាងណាកុំឲ្យខកខានឪកាស។ ក្នុងពេលនេះ ​អំណោយផលក្នុងការធ្វើទំនាក់ទំនង ដូច្នេះគួរប្រើពេលនេះដាក់តាំងបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត និងការដោះស្រាយបញ្ហាចាស់ៗ។ លើសពីនះ ប្រសិនបើអ្នកចំណាយដើមទុន នោះផលចំណេញកើនឡើងលើសច្រើន។ ចំណែកស្ថេរភាពការងារក៏នៅស្ថិតស្ថេរបានយូរ។ ដោយឡែក សូមលោកអ្នកប្រយ័ត្នកំហុសជាមួយមនុស្សចាស់។  

ចំណាំៈ

ឆ្នាំទាំង៤ ខាល ថោះ រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលជាលុយកាក់ និងសម្ភារ។ លើសពីនេះឳកាសល្អៗនឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner