មនុស្សជំនិតលោក កឹម សុខា ទម្លាយអំពីយុទ្ធសាស្ត្រចំនួនបីរបស់ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ច្បាមយកគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន
ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា បានបន្តទម្លាយអំពីការដាក់ចេញយុទ្ធសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ច្បាមយកគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន ដើម្បីយកមកត្រួតត្រា និងបានកំណត់ទិសដៅ និងបេសកកម្មសម្រាប់គណបក្សភ្លើងទៀន ជាចលនានយោបាយស្របច្បាប់មួយ ដើម្បីវាយដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីត្រួសត្រាយបើកផ្លូវនយោបាយឱ្យខ្លួនមានទម្ងន់ និងអំណាចនយោបាយឡើង ក្នុងគោលបំណងស្វែងរកការចរចាទ្វេភាគី ឬពហុភាគីដោយមានសហគមន៍អន្តរជាតិចូលរួមសម្របសម្រួល។
នៅលើតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ លោក មុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានឱ្យដឹងថា លោកបានទទួលព័ត៌មានថា លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ ដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់ (outlawed guerrillas movement) បានដាក់ចេញយុទ្ធសាស្រ្តចំនួនបី ដើម្បីធ្វើឱ្យខ្លួនគាត់មានទម្ងន់ និងឥទ្ធិពលនយោបាយឡើងវិញ សំដៅឱ្យសហគមន៍អន្តរជាតិទាញគាត់ចូលទៅក្នុងកញ្ចប់ដំណោះនយោបាយតាមផ្លូវការទូត ប្រសិនជាមានជាយកថាហេតុ ឬមានបំណងទាញចំណាប់អារម្មណ៍អំពីសារៈសំខាន់របស់គាត់។
ប្រសិនជាយើងពិនិត្យមើលយុទ្ធសាស្រ្តចំនួនបីរបស់លោក សម រង្ស៊ី គឺជា «យុទ្ធសាស្រ្តចាញ់ៗៗៗ» រួចទៅហើយ»។ លោកមុត ចន្ថា បានទម្លាយពីយុទ្ធសាស្រ្តចំនួន៣ របស់ទណ្ឌិត សម រង្ស៊ី មានដូចជាៈ
*យុទ្ធសាស្រ្តីទី១៖ លោក សម រង្ស៊ី កំណត់ទិសដៅច្បាមយកគណបក្សទាំងពីរ គឺ«គណបក្សសង្រ្គោះជាតិ» និង «គណបក្សភ្លើងទៀន» ដើម្បីយកមកត្រួតត្រា ព្រោះគាត់ចាត់ទុកថា គណបក្សទាំងពីរគឺជាស្ថាប័នផ្សេងគ្នា ដូច្នេះត្រូវមានទិដៅ និងបេសកកម្មផ្សេងគ្នា។
*យុទ្ធសាស្រ្តទី២៖ លោក សម រង្ស៊ី បានកំណត់ទិសដៅ និងបេសកកម្មសម្រាប់គណបក្សភ្លើងទៀន ជាចលនានយោបាយស្របច្បាប់មួយ ដើម្បីវាយដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីត្រួសត្រាយបើកផ្លូវនយោបាយឱ្យគាត់មានទម្ងន់ និងអំណាចនយោបាយឡើង ក្នុងគោលបំណងស្វែងរកការចរចាទ្វេភាគី ឬពហុភាគីដោយមានសហគមន៍អន្តរជាតិចូលរួមសម្របសម្រួល។
*យុទ្ធសាស្រ្តទី៣៖ លោក សម រង្ស៊ី បន្តឱបគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយនៅក្រៅប្រទេស ក្រោមឆ័ត្រពីរ គឺជា «ប្រធានស្តីទីលើកបន្តុបខ្លួនគាត់ដោយរំលោភលក្ខន្តិកៈ» និងជា «ប្រធានចលនាសង្រ្គោះជាតិដែលត្រូវបានចាត់ជាក្រុមឧទ្ទាមក្រៅច្បាប់» ដើម្បីបន្តធ្វើសកម្មភាព នូវអ្វីដែលគាត់អះអាងថាបន្តធ្វើកិច្ចការទូតជាមួយអន្តរជាតិ។
ជាមួយនឹងការចោទសួរថា ហេតុអ្វីត្រូវចាត់ទុកជាយុទ្ធសាស្រ្តចាញ់ៗៗៗ? លោក មុត ចន្ថា បានបញ្ជាក់ថា៖
ចាញ់ទី១៖ ការណ៍ដែលលោក សម រង្ស៊ី កំណត់គណបក្សភ្លើងទៀន និងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ ជាស្ថាប័នពីរដាច់ពីគ្នា គឺជាបង្ហាញពីការបែកបាក់យ៉ាងច្បាស់ក្រឡែត ព្រោះគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី ធ្លាប់ត្រូវបានច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតបានជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ តាមពិតបន្ទាប់ពីការច្របាច់បញ្ចូលគ្នារួច ទាំងគណបក្សសមរង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានប្រកាសមិនធ្វើសកម្មភាពនយោបាយ ឬចូលរួមការបោះឆ្នោត ដោយគណបក្សទាំងពីរត្រូវរួមកម្លាំងគ្នាធ្វើសកម្មភាពនយោបាយ សម្រាប់គណបក្សសង្រ្គោះជាតិតែមួយ។ ឥឡូវលោក សម រង្ស៊ី បានរៀបចំឱ្យគណបក្សភ្លើងទៀន ចេញធ្វើសកម្មភាពនយោបាយ និងចូលរួមក្នុងការបោះឆ្នោត ក្នុងគោលបំណងដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ គឺស្មើនឹងការប្រកាសផ្តាច់ខ្លួនចេញពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយរួចទៅហើយ។ ផ្តាច់ខ្លួនចេញ គឺបែកបាក់ ដូច្នេះសម្ព័ន្ធភាពទ្វេភាគីកន្លងមកត្រូវបានបញ្ចប់។
ចាញ់ទី២៖ ការណ៍ដែលលោក សម រង្ស៊ី កំណត់យុទ្ធសាស្រ្ត និងបេសកកម្មឱ្យគណបក្សភ្លើងទៀង ធ្វើសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោត ដើម្បីដណ្តើមយកសមរភូមិនយោបាយឡើងវិញ គឺរឹតតែចាញ់យ៉ាងគ្រោះថ្នាក់ថែមទៀត។ ពាក្យថា «ដណ្តើមយកសមរភូមិនយោបាយ» អាចមានន័យនិងគោលបំណងពីរៈ (១)ធ្វើសង្រ្គាម ឬ (២)ធ្វើការបះបោរ ដែលលោក សម រង្ស៊ី ធ្លាប់បានប្រកាសចេញជាផែនការ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែល«គាត់បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បែរចុងកាណុងសំដៅទៅ សម្តេចតេជោ ហ៊ុន សែន វិញ ប្រសិនជាសម្តេច ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋដែលគាត់អះអាងថានឹងមកទទួលគាត់ នៅថ្ងៃ០៩ វិច្ឆិកា ២០១៩»។
ចាញ់ទី៣៖ លោក សម រង្ស៊ី បានកំណត់យុទ្ធសាស្រ្តចូលរួមការបោះឆ្នោត។ ការដណ្តើមសមរភូមិនយោបាយឡើងវិញនេះគ្រាន់តែចំណុចចាប់ផ្តើមមួយ ដើម្បីឈានទៅអនុវត្តផែនការហិង្សាផ្សេងៗ ដូចជាៈ «បង្កសង្រ្គាម» ឬ «ធ្វើការបះបោរ» នៅក្រោមរូបភាពបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដូចដែលលោក សម រង្ស៊ី ធ្លាប់បានធ្វើនៅក្រោយការបោះឆ្នោត ឆ្នាំ១៩៩៨, ឆ្នាំ២០០៣, ឆ្នាំ២០០៨ និងឆ្នាំ២០១៣-២០១៤។ គេនៅចាំបានថា ផែនការមាតុភូមិនិវត្តន៍ លើកទី១ «៩វិច្ឆិកាឆ្នាំ២០១៩» លោក សម រង្ស៊ី បានប្រកាសចូលមកចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក សម រង្ស៊ី និងអ្នកនយោបាយជំនិតរបស់គាត់នៅក្រៅប្រទេស អាចរៀបចំផែនការយុទ្ធសាស្រ្តទម្លាក់មកឱ្យអ្នកនៅក្នុងប្រទេសអនុវត្តផែនការបះបោរ។ គេអាចសួរថាផែនការបះបោរក្នុងគោលណងផ្តួលរំលំរាជរដ្ឋាភិបាលនេះទៅរួចទេ ចម្លើយគឺមិនអាចទៅរួចជាដាច់ខាត ព្រោះរាជរដ្ឋាភិបាលប្រាកដជាបង្រ្កាបយ៉ាងដាច់ខាត ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញផែនការបង្រ្កាបចំពោះផែនការ «៩វិច្ឆិកា២០១៩» ដូច្នេះដែរ។
ចាញ់ទី៤៖ គណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ដែលត្រូវគេដឹងពីលទ្ធផលជាមុន គឺ «ចាញ់» ព្រោះលទ្ធផលបោះឆ្នោតនៅមុនការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២ គណបក្សសមរង្ស៊ីកើនបានតែ ២អាសនៈសភា ក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨ ដែលខុសពីការរំពឹងទុករបស់លោក សម រង្ស៊ី នៅពេលគាត់ផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសំឡេងពីរភាគបី (២/៣) មកត្រឹមហាសិបភាគរយបូកមួយ (៥០% + ១) នៃសមាជិកសភាទាំងមូល ក្នុងការបង្កើតរដ្ឋាភិបាល គឺគាត់រំពឹងឈ្នះសំឡេង ៥០%។
ឥឡូវទម្រាំ គាត់បានក្បត់ឆន្ទៈរបស់អ្នកគាំទ្រ ឬម្ចាស់ឆ្នោតខ្លួន សំឡេងឆ្នោតអាចនឹងដាំក្បាលចុះក្រោមថែមទៀត។ ទោះបីគណបក្សភ្លើងទៀនបានខិតខំរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំថ្មីដែលមានចេតនាបង្ហាញពីការមិនជាប់ពាក់ពន្ធជាមួយលោក សម រង្ស៊ី ក៏ដោយ ក៏មិនអាចលាងជ្រះពីការសង្ស័យ ព្រោះគណបក្សភ្លើងទៀនមិនអាចចៀសផុតពីការប្រើប្រាស់បារមីរបស់លោក សម រង្ស៊ី បានឡើយ។ ប្រសិនជាគណបក្សភ្លើងទៀនងើបសន្ទុះកម្លាំងនយោបាយ គណបក្សនេះស្ថិតក្នុងដង្កាប់ស្រាប់ដែលងាយខ្យល់បក់ឱ្យរលត់ទៅវិញ ព្រោះមូលដ្ឋានច្បាប់មានគ្រប់គ្រាន់ ដើម្បីភ្ជាប់ដាក់បន្ទុក ជាងគណបក្សថ្មីសន្លាងមួយ។
ចាញ់ទី៥៖ សហគមន៍អន្តរជាតិពុំដែលទទួលស្គាល់លោក សម រង្ស៊ី ក្នុងនាមជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិក្រៅប្រទេសឡើយ។ ម្យ៉ាងទៀតសហគមន៍អន្តរជាតិពុំភ្ជាប់ខ្លួន ឬសហការជាមួយមេដឹកនាំចលនាខុសច្បាប់ដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យឡើយ។ លោក ឈុន យ៉ាសិដ្ឋ មេចលនាអ្នកប្រយុទ្ធកម្ពុជាដើម្បីសេរីភាពដែលបានដឹកនាំកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែវិច្ឆិកា ឆ្នាំ២០០០ ត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅសហរដ្ឋអាមេរិក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអាចមានកិច្ចសហប្រតិបត្តិការជាមួយអ្នកនយោបាយណា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលដែលមានសន្តិភាពជាមួយខ្លួនឡើយ ដោយសារមូលហេតុនេះហើយទើបកន្លងមកក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ពុំមានមន្រ្តី ឬថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិក នៃរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូ ណាល់ត្រាំ និងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ជួបលោក សម រង្ស៊ី។ លោក សម រង្ស៊ី បានជួបត្រឹមមន្រ្តី ឬសមសជិកសភា ២-៣រូប ប៉ុណ្ណោះ ដែលមិនតំណាងឱ្យរដ្ឋបាលអាមេរិក។ បើសិនជាសហគមន៍អន្តរជាតិចង់សហការ ឬជួបពិភាក្សាការងារ គឺពួកគេតែងតែជួបតំណាងអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសលោក កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ គេនៅចាំបានថា លោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបចាំកម្ពុជា ធ្លាប់បានថ្កោលទោសលោក សម រង្ស៊ី នៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចំពោះអំពើនិងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
លោក មុត ចន្ថា បានបញ្ជាក់ថា ទាំងនេះជាយុទ្ធសាស្រ្តមិនដែលឈ្នះ គឺចាញ់ ចាញ់ ចាញ់ ជារៀងរហូត!»៕
ដោយៈពលជ័យ