សម្ដេចតេជោ ហ៊ុន សែន ប្រកាស អនុម័តឲ្យចាក់វ៉ាក់សាំងដូសទី៣ ចំពោះក្មេងៗចាប់ពីអាយុ១២-១៨ឆ្នាំ
ភ្នំពេញ ៖ ភ្នំពេញ៖ ក្នុងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុម័តឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៣ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ពីខែមករា ឆ្នាំ២០២២ តទៅ។
សម្ដេចតេជោ ហ៊ុន សែន បានយកឱកាសនេះ សូមថ្លែងអំណរគុណចំពោះបណ្ដាប្រទេសជាមិត្តដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា ខ្ញុំទើបនឹងអនុម័តពីម្សិលមិញ ឲ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ចាប់ពីខែមករា នេះតទៅ ចាប់ផ្ដើមចាក់ ហើយអនុវត្តតាមវិធីសាស្ដ្រផ្ដារីកដូចមនុស្សចាស់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,២១២,១៩៨នាក់៕ ដោយ វណ្ណលុក