ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា
ភ្នំពេញៈឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ។លោកនិងគណៈប្រតិភូជាន់ខ្ពស់អមដំណើរបានអញ្ជើញមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ ដោយមានការទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង។

តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។
តាមកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង។
ឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ្វ៊ុក នឹងចូលថ្វាយបង្គំគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជា-ណាចក្រកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ង្វៀន សួនហ្វ៊ុក នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានរដ្ឋ នឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា និងជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។
ក្រសួងការបរទេសបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ង្វៀន សួនហ្វ៊ុក ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំងជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង កាលពីថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម ង្វៀន សួនហ្វ៊ុក ធ្លាប់បានបម្រើការងារជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។
សូមរំលឹកថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។
កម្ពុជា និងវៀតណាម មានព្រំដែនគោកសរុបប្រវែង ១.២៧០គីឡូម៉ែត្រ បោះបង្គោលព្រំដែនបាន ៨៤ភាគរយ ស្មើនឹងព្រំដែនប្រវែង ១.០៤៥គីឡូម៉ែត្រ៕ដោយៈពលជ័យ