ឯកសារចំនួនប្រាំពីរនឹងត្រូវបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា
ភ្នំពេញ៖យោងតាមកម្មវិធីដែលបានគ្រោងទុកឯកសារចំនួនប្រាំពីរនឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២១ ខែធ្នូ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោកទាំងពីររួច។

ឯកសារចំនួនប្រាំពីរដែលត្រូវចុះហត្ថលេខារួមមាន៖
១.ផែនការសហប្រតិបត្តិការឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកសារនេះចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ត តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។
២.ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។ ឯកសារនេះចុះហត្ថលេខាដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯក ឧត្តម ផាន វ៉ាន់ ហ្សង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ឯកសារនេះចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ូយ ថាញ់ សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
៤.កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។ ឯកសារនេះចុះហត្ថលេខាដោយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន មិញ ទុ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈកម្មការព្រំដែនរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៥. អនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារនេះចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន វ៉ាន់ ហ្វឹក អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
៦.អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកសារនេះចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ជិន គួក ខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៧.ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។ ឯកសារនេះចុះហត្ថលេខាដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ខាញ់ ង៉ុក អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីម៉ោង៨:៣០ព្រឹកថ្ងៃទី ២១ ខែធ្នូ ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមកម្មវិធីគ្រោងទុកឯកឧត្តម ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) នៅម៉ោង៩:៤៥ ព្រឹកថ្ងៃទី២១នេះ នឹងអញ្ជើញក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញក្រាបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះរាជដំណាក់គន្ធបុប្ផាក្នុងព្រះបរមរាជវាំង។ នៅម៉ោង១១:១០ ឯកឧត្តមប្រធានរដ្ឋវៀតណាម នឹងអញ្ជើញជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិធីចុះហត្ថលេខានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន រៀបចំទទួលអាហារថ្ងៃត្រង់ជូនឯកឧត្តម ង្វៀន ស៊ួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសមាជិកនៃគណៈប្រតិភូនៅវិមានសន្តិភាព៕
ដោយៈពលជ័យ