ព្រឹកនេះ សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានកម្ពស់ ១២០ម៉ែត្រ ស្មើរនិង ៣៥ជាន់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានកម្ពស់ ៣៥ជាន់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់ ១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។

អគារនេះរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។ អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ អគារនេះ សាងសង់លើលើផ្ទៃដីទំហំ ១០,០២៦.៣១ ម៉ែត្រក្រឡា ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារសាលាជាតិគយ មានកម្ពស់ ១២ជាន់ ស្មើនឹង ៥០ម៉ែត្រ បណ្តោយប្រវែង ៤៩,២០ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ។ ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ អគារនេះ មានបណ្តោយប្រវែង ៣៨,៧០ម៉ែត្រ ទទឹងប្រវែង ១៨ម៉ែត្រ។

វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ។ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាងជាតិចេញស្ថានភាពដ៏លំបាកក្រោយសំណល់នៃភ្លើងសង្គ្រាម។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ៕ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner