សិស្សានុសិស្ស បង្ហាញក្តីសប្បាយរីករាយ ចំពោះការបញ្រ្ជាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់ NOCC

សិក្សានុសិស្ស បង្ហាញក្តីសប្បាយរីករាយ ចំពោះការបញ្រ្ជាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២២ ខែធ្នូនេះ នៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ។
លោក ញ៉ាន សុខវិសាល គ្រូឧទ្ទេស និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ NOCC បានបញ្ជាក់ថា ការបញ្ជ្រាបចំណេះដឹងអំពីគុណតម្លៃអូឡាំពិក ក៏ដូចជាចំណេះដឹងពាក់ព័ន្ធនឹងកីឡាដល់សិស្សានុសិស្ស គឺជារឿងមួយសំខាន់ ។ ប៉ុន្ដែអ្វីដែលពិសេស គឺការផ្សព្វផ្សាយឲ្យពួកគេបានដឹងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលទើបប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ ។
ដូច្នេះ ការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមរាជធានី-ខេត្តមួយចំនួន NOCC បានបញ្ជ្រាបនូវការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ដល់សិស្សានុសិស្ស ។ គ្រូឧទ្ទេសរូបនេះ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការយល់ដឹងច្រើន ជុំវិញព័ត៌មាន នៃការត្រៀមធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ខណៈថ្នាក់ដឹកនាំ NOCC បានលើកទឹកចិត្តឲ្យពួកគេ ត្រៀមខ្លួនចូលរួមទាំងអស់គ្នា ក្នុងឋានៈជាម្ចាស់ផ្ទះ ដើម្បីគាំទ្រ និងជំរុញព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ។
ទន្ទឹមជាមួយគ្នា សិស្សានុសិស្ស នៃវិទ្យាល័យឬស្សីកែវ បានបង្ហាញទឹកសប្បាយរីករាយចំពោះការចូលរួមកម្មវិធីខាងលើ ដែលធ្វើឲ្យពួកគេបានយល់ដឹងច្រើនអំពីគុណតម្លៃអូឡាំពិក ពិសេសអត្ថប្រយោជន៍ នៃការលេងកីឡា ដែលជួយដល់បញ្ញាស្មារតី សម្រាប់ការសិក្សា ហើយថែមទាំងធ្វើឲ្យមានសុខភាពល្អ និងសាមគ្គីភាពថែមទៀត ។ តាមរយៈនេះ ពួកគេបានអះអាងថា បានត្រៀមខ្លួនជាស្រេចចូលរួមគាំទ្រ និងលេងកីឡា ពិសេសចូលរួមយុទ្ធនាការឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕
