កីឡាករ ៦៦នាក់ចូលរួមការប្រកួតអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

សហព័ន្ធកីឡាអុកចត្រង្គ បានបើកប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដើម្បីស្វែងរកជើងខ្លាំង ត្រៀមសម្រាប់ការប្រកួតនានា ពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកីឡាករមកពីបណ្តារាជធានី-ខេត្ត ចូលរួម៦៦នាក់ នៅអគារគណកម្មការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក លោក សេង សុភ័ក្រ្ត អគ្គលេខាធិការសហព័ន្ធ និងតំណាងក្រសួងអប់រំយុវជននិងកីឡា រួមជាមួយសមាជិកប្រតិបត្តិសហព័ន្ធ និងកីឡាករជាច្រើនរូបទៀតផងដែរ ។
លោក សេង សុភ័ក្រ្ត អគ្គលេខាធិការសហព័ន្ធ បានលើកទឹកចិត្ត អោយកីឡាករដែលចូលរួម ប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកឃើញនូវអ្នកមានថ្វីដៃពិតប្រាកដតំណាងប្រទេសជាតិនៅពេលខាងមុខ ។ លោកអគ្គលេខាធិកា របន្តថា ដោយសាវិញ្ញាសាកីឡាអុកចត្រង្គ ត្រូវបាន Camsoc ដាក់បញ្ជូល ក្នុងព្រឹត្តិការណ៍ប្រកួតនៅស៊ីហ្គេម ២០២៣ នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដូច្នេះដើម្បីសហព័ន្ធមានធនធានប្រកបដោយសក្តានុពល ដណ្តើមមេដាយជូនប្រទេសជាតិបាន កីឡាករទាំងអស់ត្រូវប្រឹងប្រែងហ្វឹកហាត់ និងរកនូវគុណផលអោយល្អប្រសើរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ទី២៤ ខែធ្នូ ឆ្នាំ២០២១ មានកីឡាករមកពីចូលរួមសរុប៦៦នាក់ ៕
