អគ្គនាយករងកីឡា បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក ដែលខិតខំក្រេបជញ្ជក់ចំណេះដឹងការថែទាំសុខភាពផ្លូវចិត្ត
លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក គ្រួជំនួយ ដែលបានខិតខំក្រេបយកចំណេះដឹង នៅក្នុងសិក្ខាសាលាស្តីពីការថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកអគ្គនាយករងបន្ថែមថា ការអប់រំសុខភាពផ្លូវចិត្តពិតជាមានសារៈសំខាន់ណាស់ នៅក្នុងពេលដែលគ្រូបង្វឹក គ្រួជំនួយ និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលកំពុងបង្វឹក និងហាត់ហ្វឺកហ្វឺនបិទខ្ទប់ នៅទីនេះ។ ដូច្នេះហើយដើម្បីឲ្យថាមពលកម្លាំង ស្មារតីក្នុងការហ្វឹកហាត់កាន់តែរឹងមាំបាន គឺវាអាស្រ័យដោយការគិតគូស្វែងយល់អំពីសុខភាពផ្លូវចិត្តឲ្យបានស៊ីជម្រៅ ទើបសុខភាពផ្លូវកាយ ក៏ទទួលបាននូវភាពមាំមួនបានប្រសើរ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា បន្ទាប់ពីដំណើរការពេញ១ថ្ងៃ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកនូវចំណេះដឹងពីការថែទាំងសុខភាពផ្លូវចិត្តនេះពីអ្នកជំនាញជាគ្រូឧទ្ទេសប្រចាំសិក្ខាសាលានេះ។ គ្រូបង្វឹក គ្រូជំនួយទាំងអស់បានប្តេជ្ញាចិត្តខ្ពស់ថានឹងយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបញ្ជ្រាបជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា តាមប្រភេទកីឡារៀងៗខ្លួន ដើម្បីតាមដានសុខភាពផ្លូវចិត្ត ក្នុងគោលដៅធ្វើយ៉ាងណាជំរុញឲ្យសុខភាពផ្លូវចិត្ត-ផ្លូវកាយល្អ។ បើកាលណាពួកគាត់មានសុខភាពផ្លូវចិត្ត-ផ្លូវកាយល្អនឹងជួយឲ្យការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិបង្កើនបានគុណផលកីឡាកម្រិតខ្ពស់កាន់តែល្អប្រសើរ ឈានឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិជាក់ជាមិនខាន។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានសិក្ខាកាមសរុបចំនួន ៨០នាក់ ក្នុងនោះជាគ្រូបង្វឹក គ្រូជំនួយមកពីសហព័ន្ធកីឡាជាតិចំនួន១៦ ដែលប្រមូលផ្តុំហាត់ហ្វឹកហ្វឺនបិទខ្ទប់ នៅពហុកកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ៕
