កិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគខាងកើតប្រទេសអ៊ុយក្រែនត្រូវយល់ព្រមដោយអ្នកចរចា

ក្រុម​អ្នក​ចរចា​មក​ពី​អ៊ុយក្រែន រុស្សី​ និង​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) បាន​យល់ព្រម​ស្ដារ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ពេញលេញ​រវាង​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្សី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ នេះ​បើ​តាម​ការ​ប្រកាស​របស់​ OSCEកាល​ពី​ថ្ងៃ​ពុធ ទី​២២ ធ្នូ​។

លោក​ឯកអគ្គរដ្ឋទូត​មីកូ គីនណូណេន​ ដែល​ជា​តំណាង​ពិសេស​របស់​ប្រធាន​ OSCE បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​អ្នក​ចូល​រួម​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ពេញ​លេញ​នូវ​វិធានការ​ពង្រឹង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២០​»​។

លោក​បន្ថែម​ទៀត​ថា​៖​ «កិច្ចព្រមព្រៀង​ថ្មី​នេះ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រជាជន​ដែល​រស់នៅ​សងខាង​នៃ​ខ្សែ​ទំនាក់ទំនង​»​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រុង​កៀវ និង​ក្រុង​មូស្គូ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​រំលោភបំពាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​មុន​ ដែល​ត្រូវ​បាន​ព្រមព្រៀង​ដោយ​ភាគី​ទាំង​ពីរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០២០ និង​បាន​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​របួស​យ៉ាង​ច្រើន​នៅ​សមរភូមិ​អ៊ុយក្រែន​ខាង​កើយ​កាល​ពី​ឆ្នាំ​មុន​។

ការ​ប្រយុទ្ធ​គ្នា​ធំ​ដុំ​រវាង​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​កង​កម្លាំង​ផ្ដេច​ខ្លួន​គាំទ្រ​ដោយ​រុស្សី​ ត្រូវ​បាន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៥ នៅ​រដ្ឋធានី​មីនស្ក៍​ប្រទេស​បេឡារូស​ជា​មួយ​នឹង​ការ​សម្រុះ​សម្រួល​របស់​អាល្លឺម៉ង់ និង​បារាំង ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​នៅ​តែ​សម្លាប់​ជនស៊ីវិល និង​ទាហាន​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner