ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អនុម័តសេចក្ដីសម្រេចផ្ដល់ជំនួយដល់អាហ្វហ្គានីស្ថាន

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ នូវ​សេចក្ដី​សម្រេច​មួយ​ដែល​ស្នើរ​ឡើង​ដោយ​សហរដ្ឋអាមេរិក ដើម្បី​សម្របសម្រួល​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​ ដោយ​ជៀសវាង​ការ​ផ្ដល់​ថវិកា​ឱ្យ​រដ្ឋាភិបាល​តាលីបង់​។

សេចក្ដី​សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ធ្នូ​បាន​ចែង​ថា​៖ «ការ​ទូទាត់​មូលនិធិ ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ឬ​ធនធាន​សេដ្ឋកិច្ច និង​ការ​ផ្ដល់​ទំនិញ និង​សេវាកម្ម​ចាំបាច់ ដើម្បី​ធានា​ថា​ការ​ផ្តល់​ជំនួយ​ទាន់​ពេល​វេលា ឬ​គាំទ្រ​សកម្មភាព​បែប​នេះ​ត្រូវ​បាន​អនុញ្ញាត​»​។ ជំនួយ​បែប​នេះ​គាំទ្រ «តម្រូវ​ការ​មូលដ្ឋាន​របស់​មនុស្ស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»​ ហើយ​វា​ ​«មិនមែន​ជា​ការ​រំលោភ​»​ លើ​ទណ្ឌកម្ម​ដែល​ដាក់​លើ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​តាលីបង់​នោះ​ទេ​។

ការ​សម្រេច​ចិត្ត​កំណត់​សុពលភាព​នៃ​សេចក្ដី​សម្រេច​នេះ​ត្រឹម​មួយ​ឆ្នាំ​ ដែល​មិន​មាន​ក្នុង​សេចក្ដី​ព្រាង​ដំបូង ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចិត្ត​របស់​អឺរ៉ុប​ និង​ឥណ្ឌា​ដែល​បាន​រិះគន់​អំពី​កង្វះ​នៃ​ការ​កំណត់​សុពលភាព និង​បាន​ទាមទារ​ការ​ត្រួត​ពិនិត្យ​ និង​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ការ​ផ្ទេរ និង​ការ​ប្រើប្រាស់​ជំនួយ​។

សហគមន៍​អន្តរជាតិ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ជួយ​ជៀសវាង​ការ​ដួល​រលំ​សេដ្ឋកិច្ច និង​គ្រោះ​ទុរ្ភិក្ស​ បន្ទាប់​ការ​ចូល​កាន់​អំណាច​របស់​ក្រុម​តាលីបង់​កាល​ពី​ខែ​សីហា​។

ក្រុម​តាលីបង់​ស្វាគមន៍​សេចក្ដី​សម្រេច​នេះ​ ហើយ​បាន​ជំរុញ​ឱ្យ​មាន​ការ​ដក​ទណ្ឌកម្ម​ទៅ​លើ​សមាជិក​ជាន់​ខ្ពស់​របស់​ខ្លួន​។

មុន​នេះ​អាមេរិក​បាន​ស្នើ​សេចក្ដី​សម្រេច​មួយ​ដើម្បី​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​តាម​ករណី​នីមួយ​ៗ​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ប្រទេស​ចិន និង​រុស្សី​ ដែល​មាន​សិទ្ធ​វេតូ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner