ក្រុមហ៊ុនបច្ចេកវិទ្យាស.រ.អា Intel សុំទោសចិន ក្រោយខ្លួនចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធស៊ីនជាំង

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកធំ​មួយ​​ Intel បាន​ចេញ​សេចក្ដីថ្លែងការណ៍​សុំទោស​អតិថិជន​របស់​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រោយ​ពេល​ដែល​ខ្លួន​បាន​ចេញ​លិខិត​មួយ​​ប្រាប់​អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន​ថា មិន​ឱ្យ​ប្រើប្រាស់​កម្លាំង​ពលកម្ម ឬ វត្ថុ​ធាតុ​ដើម​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​របស់​ចិន​នោះ​ឡើយ។

ក្នុង​លិខិត​ដែល​ចុះ​ខែ​ធ្នូ​នេះ​ ក្រុមហ៊ុន Intel បាន​លើកឡើង​ថា ខ្លួន​ត្រូវ​ការ «ធានា​ថា​ សង្វាក់​ពលកម្ម​របស់​ក្រុមហ៊ុន​មិន​មាន​ប្រើប្រាស់​កម្លាំង​ពលកម្ម ឬ ទំនិញ ឬ សេវាកម្ម​មក​ពី​តំបន់​ស៊ីនជាំង​នោះ​ឡើយ» បន្ទាប់​ពី​មាន​ការ​ដាក់​បម្រាម​ពី​រដ្ឋាភិបាល​ជា​ច្រើន។

រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ជាពិសេស​ សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ ឬ ដាក់​បម្រាម​ចុះ​ឡើង​ ដោយ​ហាមប្រាម​មិន​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ប្រើប្រាស់​វត្ថុធាតុ​ដើម ឬ កម្លាំង​ពលកម្ម​នានា​នៅ​ក្នុង​តំបន់​ស៊ីនជាំង ដោយ​យោង​លើ​ហេតុផល​ថា ចិន​បាន​ធ្វើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​កាន់​ជនជាតិ​អ៊ុយហ្គ័រ​ ដែល​រស់​នៅ​តំបន់​នោះ។

ក្រោយ​ពី Intel ចេញ​លិខិត​នេះ​ហើយ ខាង​ចិន​បាន​ធ្វើ​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​នៅ​ប្រទេស​ចិន​ថែម​ទាំង​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ Intel ទៀត​ផង​។

លុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Intel បាន​ចេញ​លិខិត​សុំទោស​ដោយ​មាន​ខ្លឹមសារ​ថា៖ «យើង​ខ្ញុំ​សូម​ធ្វើ​ការ​អភ័យទោស​ចំពោះ​កំហុស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អតិថិជន ដៃ​គូ និង​សាធារណមតិ​ចិន​ជា​ទី​គោរព។ Intel នៅ​តែ​ប្ដេជ្ញា​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​បច្ចេកវិទ្យា​ ដែល​អាច​ជឿទុកចិត្ត​បាន ហើយ​ជំរុញ​ឱ្យ​មាន​សន្ទុះ​អភិវឌ្ឍន៍​រួម​នៅ​ក្នុង​ប្រទេស​ចិន»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner