គណបក្សអភិរក្សនិយមរបស់លោក Boris Johnson ទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ ក្នុងការបោះឆ្នោតសកលមុនអាណត្តិ
អង់គ្លេស៖ គណបក្សអភិរក្សនិយមរបស់លោក Boris Johnson ទទួលបានជ័យជម្នះក្នុងសំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលនេះនឹងអនុញ្ញាតឱ្យលោកត្រឡប់មកកាន់អំណាចសាជាថ្មីជាមួយសំឡេងគាំទ្រភាគច្រើនលើសលប់ ដើម្បីនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ។
បើតាមលទ្ធផលបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃព្រហស្បតិ៍នេះ គណបក្សអភិរក្សនិយមទទួលបានសំឡេងគំាទ្រ៣២៦ក្នុងចំណោមអសនៈសរុប៦៥០ នៃសភាជាន់ទាប ដែលនេះមានន័យថា ពួកគេមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ។
ហើយតាមរយៈជ័យជម្នះនេះ លោក Boris Johnson ត្រូវបានគេរំពឹងថា នឹងផ្ដល់សច្ចាប័នភ្លាមៗលើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខណៈគណបក្សពលករទទួលបានសំឡេងគាំទ្រ២០៣អសនៈ ៕ធ.ដ