អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត
ភ្នំពេញ ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆន្ធរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយឯកឧត្តម បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
អគ្គមេបញ្ជាការបានបន្តទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនាពេលអនាគត។
សូមជម្រាបថា សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ សន្និបាតក៏បានបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ របស់គណបក្សក្នុងឆ្នាំ២០២២៕
ដោយៈពលជ័យ