អភិបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យមន្ត្រីការិយាល័យច្រកចេញចូលតែមួយ ផ្សព្វផ្សាយ និងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន
បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី ស្នើឱ្យស្រុកស្វាយចេកដែលជាស្រុកទី៨ ទើបបានទទួលអាគារការិយាល័យច្រកចេញចូលតែមួយ បន្តផ្សព្វផ្សាយ និងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យយល់ពីតម្លៃសេវាសាធារណៈផ្សេងៗ ងាយស្រួលដល់ការស្នើសុំ កាត់បន្ថយពេលវេលានិងការចំនាយថវិកា បង្កើនភាពជឿជាក់ជូនពួកគាត់។
ឯកឧត្ដម អ៊ុ រាត្រី ថ្លែងដូច្នេះកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១ ខណៈអគារការិយាល័យច្រកចេញចូលតែមួយ នៅស្រុកស្វាយចេកត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយការសាងសង់រួចរាល់ដើម្បីបម្រើសេវាសាធារណៈផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុងក្រុងស្រុកទាំង៩ទូទាំងខេត្តបន្ទាយមានជ័យ នៅសល់តែពីរស្រុកប៉ុណ្ណោះមិនទាន់ដំណេីរការិយាល័យច្រកចេញចូលតែមួយ ។ ដោយឡែកអាគារច្រកចេញចូលនៅស្រុកស្វាយចេក ក៏បានសាងសង់រួចរាល់គ្រោងនឹងដាក់ឱ្យប្រេីប្រាស់ផ្លូវការនៅសប្តាហ៍ក្រោយ ចំពោះ ភ្នំស្រុកក៏សាងសង់មិនទាន់រួចរាល់នោះទេ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសេីរ ត្រូវមានអាប្បកិរិយាសុភាពរាបសារួសរាយរាក់ទាក់ជាមួយពលរដ្ឋ ពេលមកសុំការផ្តល់សេវា ដោយមិនត្រូវប្រើពាក្យពេជន៍មិនសមរម្យទៅលើពួកគាត់ដែលជាពលរដ្ឋឡើយ។
មួយវិញទៀតឯកឧត្តម អ៊ុ រាត្រី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំក្រុង-ស្រុក គ្រប់អង្គភាពការិយាល័យច្រកចេញចូលតែមួយត្រូវមានការបិទបដាប្រកាសព័ត៌មានទាក់ទិនទៅនឹងការផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ ថាតើសេវាណាខ្លះត្រូវមានការបង់សេវា សេវាណាខ្លះដែលមិនត្រូវមានការបង់សេវា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពិសេសត្រូវចូលរួមផ្សព្វផ្សាយពីសេវាសាធារណៈផ្សេងៗ ឲ្យដល់មូលដ្ឋានដេីម្បីគាត់បានជ្រាបនិងយល់ដឹងទាំងអស់គ្នា ៕
ដោយ ៖ ឃិន គន្ធា












