លោក ដូណាល់ ត្រាំ សើចចំអកដាក់ក្មេងស្រី Greta Thunberg ដែលជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៩
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានសើចចំអកសាជាថ្មីដាក់ក្មេងស្រី Greta Thunberg វ័យ១៦ឆ្នាំ ដោយនិយាយថា វាគឺជារឿងគួរឱ្យអស់សំណើច ដែលសកម្មជនបរិស្ថានស៊ុយអែតរូបនេះ ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៩របស់ទស្សនាវដ្ដី Time ។
យុវតី Greta Thunberg ជាប់ឈ្មោះជា បុគ្គលមានឥទ្ធិពលបំផុតប្រចាឆ្នាំ២០១៩ របស់ទស្សនាវដ្ដី Time កាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់បញ្ចុះបញ្ចូលឱ្យយុវជនជាង៤លាននាក់ចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ តាម រយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា វាគួរឱ្យអស់សំណើចណាស់ ក្មេងស្រី Greta ត្រូវតែធ្វើការលើការគ្រប់គ្រងកំហឹងរបស់នាង ហើយបន្ទាប់មកទៅមើលរឿងស្នេហាជាមួយមិត្តភក្តិ ។ Chill Greta, Chill!» ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ និយាយចំអកដាក់ក្មេងស្រីរូបនេះ ដោយកាលពីខែកញ្ញា នាឱកាសកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាម៉េរិករូបនេះក៏ធ្លាប់ប្រើពាក្យវាយប្រហារលើយុវតី Greta ផងដែរ ៕ធ.ដ