កូរ៉េខាងជើងគំរាមសងសឹកវិញ ក្រោយសហរដ្ឋអាម៉េរិកព្រមានប្រទេសខ្លួននឹងជួបផលវិបាកនានា បើសិននៅតែបន្តធ្វើតេស្តមីស៊ីលទៀត
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានធ្វើការរិះគន់សហរដ្ឋអាម៉េរិក ចំពោះការកោះប្រជុំមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានលើកឡើងពីការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងក៏បានព្រមានផងដែរថា ខ្លួននឹងធ្វើការឆ្លើយតបចំពោះវិធានការណាក៏ដោយដែលអាម៉េរិកជ្រើសរើស ។
ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិកបានព្រមានទីក្រុងព្យុងយ៉ាងអំពីផលវិបាកនានា ដែលប្រទេសមួយនេះនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ហើយភាពប្រែប្រួលនឹងអាចកើតឡើង ប្រសិនបើប្រទេសទាំងពីរនៅបន្តអង្គុយចរចាគ្នា ។
ការព្រមានរបស់សហរដ្ឋអាម៉េរិកនេះ ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែលលី ក្រាហ្វ ហើយបើតាមតំណាងអាម៉េរិករូបនេះ កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំធ្វើតេស្តមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយពិតណាស់ថា វាជាប្រភេទមីស៊ីលដែលត្រូវបានរចនាឡើង ដើម្បីធ្វើការវាយប្រហារទៅដល់ទឹកដីអាម៉េរិក ៕ធ.ដ