ឡាវ និងរុស្ស៊ីដឹកនំាការធ្វើសមយុទ្ធយោធាលើកដំបូងឈ្មោះ Laros 2019 នៅក្នុងទឹកដីប្រទេសឡាវ
ឡាវ៖ យោធាឡាវ និងរុស្ស៊ីកំពុងដឹកនំាការធ្វើសមយុទ្ធរួមគ្នាមួយលើកដំបូងដែលមានឈ្មោះថា ឡារ៉ូស ២០១៩ (Laros 2019) នៅក្នុងទឹកដីប្រទេសឡាវ ។ រុស្ស៊ីបានបញ្ជូនកងរថក្រោះជាច្រើននាក់ និងកងទ័ពជាច្រើននាក់មកកាន់ឡាវ ។
សមយុទ្ធយោធានេះ ត្រូវប្រព្រឹត្តទៅក្នុង០៣ដំណាក់កាល ដោយកងរថក្រោះនៃប្រទេសទាំងពីរនឹងធ្វើសកម្មភាពបាញ់គ្រាប់ពិត នៅក្នុងកំឡុងដំណាក់កាលសកម្មនៃព្រឹត្តិការណ៍សមយុទ្ធយោធា ។ សមយុទ្ធនេះដែរ បានចាប់ផ្តើមឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយវត្តមានកងទ័ពសរុបជាង៥០០នាក់មកពីប្រទេសទាំងពីរ ហើយនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី១៩ ខែធ្នូខាងមុខនេះ ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីនោះ លំហាត់យោធានេះនឹងចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិរវាងឡាវ និងរុស្ស៊ី ក្នុងនោះរួមមានទាំងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មអន្តរជាតិផងដែរ ៕ធ.ដ