ឥណ្ឌាដាក់ពង្រាយកងទ័ពជាច្រើន ដើម្បីទប់ស្កាត់ការតវ៉ាហិង្សាជុំវិញច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ចូលទៅរដ្ឋ អាសសាមនៅភាគឦសានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានបាតុកម្មហិង្សាពេញមួយយប់ប្រឆាំងនឹងច្បាប់ថ្មី ដែលនឹងផ្តល់ភាពងាយស្រួលដល់ជនជាតិភាគតិចមិនមែនមូស្លីមមកពីប្រទេសជិតខាងមួយចំនួនក្នុងការស្វែងរកសញ្ជាតិឥណ្ឌា ។

រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីបាននិយាយថា ច្បាប់វិសោធនកម្មសញ្ជាតិ ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃពុធសប្តាហ៍នេះ គឺដើម្បីការពារជនជាតិភាគតិចមកពីបង់ក្លាដែស ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ។ ក្រុមអ្នករិះគន់និយាយថាច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់ប្រទេស ព្រោះមិនផ្តល់ការការពារដល់ប្រជាជនមូស្លីម ខណៈអ្នកផ្សេងទៀតអះអាងថា ច្បាប់នេះនឹងធ្វើឱ្យរដ្ឋភាគខាងជើងឥណ្ឌាជោរជន់ដោយជនបរទេស ។

សូមជម្រាបថា សភាឥណ្ឌាបានអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយដែលនឹងផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ មិនមែនមូស្លីមមកពីប្រទេសមួយចំនួន។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ក្នុងសំឡេង ១២៥ទល់១០៥ បន្ទាប់ពីសភាជាន់ទាបបានបោះឆ្នោតគាំទ្រវា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្តាហ៍នេះ ។សេចក្តីព្រាងច្បាប់នេះទៀតសោត នឹងត្រូវបញ្ជូនទៅប្រធានាធិបតីឥណ្ឌា ដើម្បីចុះហត្ថលេខាឱ្យក្លាយជាច្បាប់ជាផ្លូវការ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner