ជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ីបានឆក់យកជីវិតមនុស្សចំនួន ៤៦នាក់
ជំនន់ទឹកភ្លៀងនៅប្រទេសម៉ាឡេស៊ីបានឆក់យកជីវិតមនុស្សចំនួន ៤៦នាក់ ដោយក្នុងនោះភាគច្រើនមកពីរដ្ឋសេឡានហ្គ័រ (Selangor) ស្ថិតនៅជុំវិញរាជធានីកូឡាឡាំពួរ និងរដ្ឋប៉ាហាងនៃឧបទ្វីបម៉ាឡេស៊ី។ នេះបើតាមការលើកឡើងរបស់លោក Acryl Sani Abdullah Sani អគ្គស្នងការប៉ូលិសនៃប្រទេសនេះកាលពីថ្ងៃសៅរ៍កន្លងទៅ។
ទឹកជំនន់នេះជាទឹកជំនន់ដ៏អាក្រក់មួយក្នុងកំណត់ត្រារបស់ម៉ាឡេស៊ី ដែលបណ្ដាលមកពីភ្លៀងដ៏ធំកាលពីសប្ដាហ៍មុន ហើយបង្កឱ្យទឹកទន្លេឡើងជោរជន់ពេញទីក្រុង។ រដ្ឋសេឡានហ្គ័ររងការវាយប្រហារពីទឹកជំនន់នេះខ្លាំងជាងគេ។
ផ្លូវធំៗនានាត្រូវបានកាត់ផ្ដាច់ ចំណែកឯប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញទីលំនៅ។
បើតាមប្រមុខប៉ូលិសម៉ាឡេស៊ីមនុស្សប្រមាណ ៥ម៉ឺននាក់កំពុងតែស្ថិតនៅកន្លែងច្រកកោនចំនួន ៣០០ នៅរដ្ឋចំនួន ៧នៅឧបទ្វីបម៉ាឡេស៊ី។ បន្ថែមពីនេះទៅទៀត ផ្លូវចំនួន ៦៨ខ្សែត្រូវបានកាត់ផ្ដាច់។
ចំណាត់ការឆ្លើយតបនឹងទឹកជំនន់នេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំង។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងថា ទឹកជំនន់នេះ «ប្រែក្លាយពីគ្រោះមហន្តរាយធម្មជាតិ ទៅជាគ្រោះមហន្តរាយអភិបាលកិច្ច»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ក៏ទទួលស្គាល់ថា ការឆ្លើយតបរបស់រដ្ឋាភិបាលមាន «ភាពកម្សោយ» តែប្ដេជ្ញានឹងធ្វើឱ្យប្រសើរឡើងនាពេលអនាគត៕

ប្រភព៖ The Straits Times