ទាហានរុស្ស៊ីជាង១០.០០០នាក់ត្រឡប់ទៅមូលដ្ឋានទ័ពវិញ បន្ទាប់ពីសមយុទ្ធនៅជិតព្រំដែនអ៊ុយក្រែន
ទាហានរុស្ស៊ីចំនួនជាង១០.០០០នាក់វិលត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញ ក្រោយធ្វើសមយុទ្ធនៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន នេះបើតាមការរាយការណ៍កាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូរបស់ទីភ្នាក់ងារសារព័ត៌មានរុស្សី Interfax ដោយផ្អែកលើប្រភពក្នុងយោធារុស្សី។
សារពត៌មាន Interfax បានរាយការណ៍ថាការធ្វើសមយុទ្ធត្រូវបានធ្វើឡើងនៅតំបន់ជាច្រើនជិតព្រំដែនអ៊ុយក្រែន រួមមានឧបទ្វីបគ្រីមៀរ ដែលរុស្សីកាត់យកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ក៏ដូចជានៅតំបន់រ៉ូស្តូវ និងគូបានននៃរុស្សីផងដែរ។
ការដាក់ពង្រាយទាហានរុស្សីរាប់ម៉ឺននាក់នៅខាងជើង ខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែនរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានបង្កឱ្យមានការព្រួយបារម្ភថារុស្សីកំពុងត្រៀមធ្វើការឈ្លានពានចូលប្រទេសអ៊ុយក្រែន។
តែយ៉ាងណាមិញ រុស្សីបានច្រានចោលថាខ្លួនមិនមានផែនការធ្វើបែបនេះទេ ហើយបានធ្វើការទាមទារការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអង្គការណាតូ ដែលរួមមានការសន្យាពីអង្គការណាតូថានឹងមិនពង្រីកសម្ព័ន្ធភាពឆ្ពោះទៅទិសខាងកើតឆ្ពោះទៅព្រំដែនរុស្ស៊ី ដោយលើកឡើងថាសន្តិសុខផ្ទាល់ខ្លួនត្រូវបានគំរាមកំហែងដោយទំនាក់ទំនងកំពុងកើនឡើងរបស់អ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ រុស្សីក៏អះអាងថាការដាក់ពង្រាយទាហានក្នុងទឹកដីរបស់ខ្លួនគឺជាសិទ្ធរបស់ខ្លួន ហើយមិនមែនជាកិច្ចការរបស់អ្នកខាងក្រៅទេ។
ការប៉ាន់ស្មានអំពីចំនួនទាហាននៅព្រំដែនអ៊ុយក្រែនបានប្រែប្រួលរវាង ៦៥.០០០ នាក់ទៅ ៩០.០០០នាក់ ខណៈពេលដែលទីភ្នាក់ងារចារកម្មអាមេរិកបានលើកឡើងថារុស្សីអាចបង្កើនការដាក់ពង្រាយរហូតដល់ ១៧៥.០០០ នាក់៕

ប្រភព៖ Reuters