នាយករដ្ឋមន្ត្រីកាណាដា៖ រដ្ឋនៅប្រទេសលោកខាងលិចត្រូវការរណសិរ្សរួបរួមប្រឆាំងនឹងប្រទេសចិន

ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៥​ធ្នូ នាយករដ្ឋមន្ត្រី​កាណាដា​លោក​ចាស្ទីន ទ្រូដូ​បាន​និយាយ​ថា​បណ្ដា​ប្រទេស​លោក​ខាង​លិច​ត្រូវ​ការ​រណសិរ្ស​រួបរួម​ប្រឆាំង​នឹង​ប្រទេស​ចិន ដើម្បី​រារាំង​ប្រទេសមហាអំណាច​អាស៊ី​មួយ​​នេះ​កុំ​ឱ្យ​ប្រើប្រាស់​សម្ពាធ​ពាណិជ្ជកម្ម​ក្នុង​ន័យ​​បង្ក​ឱ្យ​លោក​ខាង​លិច​មាន​ការ​បែកបាក់​ និង​ប្រឆាំង​គ្នា​។

លោក​ទ្រូដូ​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​ Global Television ថា​៖​ «យើង​(លោក​ខាង​លិច) បាន​ប្រកួត​ប្រជែង​ ហើយ​ប្រទេស​ចិន​ ពី​មួយ​ពេល​ទៅ​មួយ​ពេល​ បាន​ធ្វើ​ការ​រៀប​ចំ​យ៉ាង​ឆ្លាត​វ័យ​ឱ្យ​យើង​(លោក​ខាង​លិច) ប្រឆាំង​គ្នា​នៅ​លើ​ទីផ្សារ​ពានិជ្ជ​កម្ម​បើក​ចំហ​»​។

លោក​បន្ថែម​ទៀត​ថា​៖ «យើង​ត្រូវ​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​ជាង​នេះ ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា និង​ឈរ​ឱ្យ​រឹងមាំ ដូច្នេះ​ចិន​មិន​អាច​លេង​មុំ និង​បំបែកបំបាក់​ឱ្យ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​»​។

ទំនាក់​ទំនង​ចិន-កាណាដា​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​បន្ទាប់​ពី​អាជ្ញាធរ​កាណាដា​ចាប់​ខ្លួន​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​ Huawei លោកស្រី​ម៉េង វ៉ាន់ជូវ​ក្រោម​ដេកា​បត្យាប័ន​ស្នើ​ដោយ​សហរដ្ឋអាមេរិក​។ ភ្លាម​ៗ​ក្រោយ​នោះ​ អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​ចំនួន​ពីរ​រូប​។

កាល​ពី​ខែ​កញ្ញា​ លោក​ស្រី​ម៉េង និង​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​នេះ​ ដោយ​​អាមេរិក​បាន​ដក​​ដេកា​បត្យាប័ន ហើយ​លោកស្រី​ត្រូវ​បាន​ដោះលែង​។ ពលរដ្ឋ​កាណាដា​ទាំង​ពីរ​រូប​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​លោកស្រី​ម៉េង​ត្រូវ​បាន​ដោះលែង​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner