រាជរដ្ឋាភិបាលអនុម័តជាផ្លូវការនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩
ភ្នំពេញ៖ វិស័យទេសចរណ៍ គឺជាវិស័យទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩។ ការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនបានផ្អាកដំណើរការ បណ្តាលឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ និងអ្នកដែលពឹងផ្អែកលើវិស័យនេះ ក្នុងការរកទទួលទានជាច្រើនបាត់បង់ចំណូល។
ទោះជាយ៉ាងនេះក្តី ចាប់ពីត្រីមាសទី៣ ឆ្នាំ២០២១នេះ ការកើនឡើងភ្ញៀវទេសចរក្នុងស្រុក អាចប៉ះប៉ូវមួយផ្នែកដល់ការបន្តធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។ បន្ថែមលើបញ្ហាដែលបណ្តាលមកពីជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជាក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន រួមមាន ភាពមានកម្រិតនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការធ្វើពិពិធកម្មគោលដៅផលិតផល និងសេវាទេសចរណ៍ ព្រមទាំង ការបាត់បង់តម្លៃបន្ថែមសេដ្ឋកិច្ច ដោយសារអវត្តមាននៃឧស្សាហកម្ម និងសេវាកម្មគាំទ្រ។ ក្នុងគន្លងនៃប្រក្រតីភាពថ្មី, ឥរិយាបថក្នុងការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានការប្រែប្រួលមួយចំនួន ដូចជា៖ និន្នាការងាកមករកការធ្វើដំណើរកំសាន្តក្នុងប្រទេសរបស់ខ្លួន ឬប្រទេសជិតខាងក្នុងតំបន់, ការធ្វើដំណើរដោយឯករាជ្យ ឬបែបក្រុមគ្រួសារការបង្វែរមករកផលិតផលទេសចរណ៍បៃតងនៅតំបន់អេកូទេសចរណ៍ ជាជាងរមណីយដ្ឋានប្រវត្តិសាស្រ្ត, ការប្រុងប្រយ័ត្នក្នុងការចាយវាយ និងធ្វើផែនការច្បាស់លាស់មុនធ្វើដំណើរ, និន្នាការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការកក់ និងទូទាត់ប្រាក់ ជាពិសេសការយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាព។
ឆ្លើយតបនឹងនិន្នាការដំណើរកំសាន្តតាមគន្លងថ្មីនេះ រាជរដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវ -ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩” ដើម្បីតម្រង់ទិសការដាក់ចេញយុទ្ធសាស្ត្រសមស្រប និងទាន់ពេល សម្រាប់វិស័យទេសចរណ៍។ ជាមួយគ្នានេះ បន្ថែមលើការកសាងទំនុកចិត្ត និងភាពជឿជាក់សម្រាប់ទេសចរជាតិ និងអន្តរជាតិ, រាជរដ្ឋាភិបាលនឹងបន្តធ្វើពិពិធកម្មគោលដៅទេសចរណ៍ទៅតំបន់ឆ្នេរសមុទ្រ, តំបន់ភូមិភាគឦសាន្ត និង តំបន់តាមដងទន្លេមេគង្គទន្លេបាសាក់ ព្រមទាំងតំបន់បឹងទន្លេសាប សំដៅបង្កើនផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ និងចាំបាច់នានា។ រាជរដ្ឋាភិបាល ក៏បានអនុម័តជាផ្លូវការនូវផែនការមេអភិវឌ្ឈន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ និងកំពុងរៀបចំបន្ទាប់ “ផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ ២០២២-២០៣៥” ផងដែរ។
ជាទិសដៅយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការជំរុញ ទេសចរណ៍ក្នុងស្រុកដែលកំពុងមានសក្តានុពល និងមានសន្ទុះងើបឡើងវិញ តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ក្នុងទិសដៅសម្រេចឱ្យបានចំនួនទេសចរក្នុងស្រុក ១១លាននាក់នៅឆ្នាំ ២០២៣។ បន្ថែមពីនេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងក៏ត្រូវបានដាក់ចេញផងដែរ ដើម្បីបើកទទួលទេសចរណ៍សុវត្ថិភាពជាជំហានៗប្រកបដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នក្នុងគោលដៅទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៧លាននាក់ត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣៕


